តូក្យូ ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឱ្យដឹងថា អ្នកកាន់លិខិតឆ្លងដែន បរទេសជាង ៣៦០ នាក់ត្រូវបានជម្លៀសចេញពីហ្គាហ្សាស្រ្ទីព ទៅកាន់ប្រទេសអេហ្ស៊ីប កាលពីថ្ងៃពុធ ខណៈដែលការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែល នៅតំបន់នោះកាន់តែខ្លាំង ក្នុងសង្គ្រាមប្រឆាំង នឹងក្រុមសកម្មប្រយុទ្ធ ប៉ាឡេស្ទីនហាម៉ាស។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងតូក្យូថា ជនជាតិជប៉ុនទាំង ១០ នាក់ និងសមាជិកគ្រួសារ ៨ នាក់របស់ពួកគេ ដែលសង្ឃឹមថា នឹងចាកចេញពីតំបន់ប៉ាឡេស្ទីន ដែលឡោមព័ទ្ធដោយអ៊ីស្រាអែល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានមកដល់ប្រទេសអេហ្ស៊ីប តាមផ្លូវគោក។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអេហ្ស៊ីប និងអ្នកផ្សេងទៀតបានរាយការណ៍ថា អ្នកកាន់លិខិតឆ្លងដែនបរទេសចំនួន ៣៦១ នាក់ និងអ្នករបួស ៤៦ នាក់បានចាកចេញ ពីហ្គាហ្សា ទៅកាន់ប្រទេសអេហ្ស៊ីប តាមរយៈច្រក Rafah នៅក្នុងការជម្លៀសទ្រង់ទ្រាយធំជាលើកដំបូង ចេញពីតំបន់ចាប់ តាំងពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ដែលបង្កឱ្យមានការវាយប្រហារតាមអាកាស និងវិធានការយោធាផ្សេងទៀតនៅក្នុង ការឆ្លើយតបពីអ៊ីស្រាអែល ។
ពលរដ្ឋជប៉ុន ៥នាក់ រួមទាំងបុគ្គលិក របស់អង្គការសហប្រជាជាតិ និងក្រុមជំនួយអន្តរជាតិ Medecins Sans Frontieres ស្ថិតក្នុងបញ្ជីអ្នកជម្លៀស របស់អាជ្ញាធរហ្គាហ្សា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ក្រុមជំនួយដែលត្រូវបានគេស្គាល់ផង ដែរដោយឈ្មោះភាសាអង់គ្លេស របស់ខ្លួនថា វេជ្ជបណ្ឌិតគ្មានព្រំដែនបានឲ្យដឹងថា បុគ្គលិកបរទេសទាំងអស់របស់ខ្លួន រួមទាំងពលរដ្ឋជប៉ុន ៣នាក់បានឆ្លងកាត់ផ្លូវ Rafah ។
អាជ្ញាធរហ្គាហ្សាបានឲ្យដឹងថា ការឆ្លងកាត់នៅភាគខាងត្បូងហ្គាហ្សា ក៏នឹងបើកនៅថ្ងៃសុក្រនេះផងដែរ។ យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា ជនបរទេសប្រមាណ ៥០០ នាក់ត្រូវបានអនុញ្ញាតឱ្យចាកចេញ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស បានធ្វើឱ្យមនុស្សជាង ១០,០០០នាក់ ដែលភាគច្រើននៅហ្គាហ្សា បានស្លាប់៕
ប្រែសម្រួល ឈូក បូរ៉ា