ព័ត៌មានអន្តរជាតិ

​​មូលដ្ឋាន​យោធា​អាមេរិក ​នៅ​ភាគ​ឦសាន​ប្រទេស​ស៊ីរី ត្រូវបានបំផ្ទុះយ៉ាងកក្រើក

MNA

ដាម៉ាស់ ៖ ស្ថានីយ៍វិទ្យុគាំទ្ររដ្ឋាភិបាល បានរាយការណ៍ថា ការផ្ទុះមួយបានកក្រើកមូលដ្ឋានយោធា អាមេរិកនៅក្នុងខេត្តហាសាកា ភាគឦសានប្រទេសស៊ីរី កាលពីយប់ថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

យោងតាមវិទ្យុ Sham FM បានឱ្យដឹងថា ការផ្ទុះនេះត្រូវបានគេឮនៅឯមូលដ្ឋានយោធា សហរដ្ឋអាមេរិក ដែលមានទីតាំងនៅតំបន់សាដាឌី ក្នុងអ្វីដែលហាក់ដូចជា ការវាយប្រហារ ដោយយន្តហោះដ្រូន ។

មិនមានព័ត៌មានលម្អិតបន្ថែមទេ ប៉ុន្តែមូលដ្ឋានទ័ព និងមូលដ្ឋាន យោធាអាមេរិកផ្សេងទៀត នៅភាគខាងកើតប្រទេសស៊ីរី ត្រូវបានទទួលរងការ វាយប្រហារដោយយន្តហោះដ្រូន ​នាពេលថ្មីៗនេះ ប្រឆាំងនឹងផ្ទៃខាងក្រោយ នៃយុទ្ធនាការយោធាអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប។

ក្រុមឃ្លាំមើលសង្រ្គាមសិទ្ធិមនុស្សស៊ីរី ធ្លាប់បានរាយការណ៍ថា យុទ្ធជនគាំទ្រដោយអ៊ីរ៉ង់ បានបង្កើនការវាយប្រហារដោយយន្តហោះដ្រូនរបស់ពួកគេ ទៅលើមូលដ្ឋានយោធាអាមេរិក ដែលបានផ្តល់ការគាំទ្រពីសហរដ្ឋអាមេរិក សម្រាប់អ៊ីស្រាអែល ក្នុងយុទ្ធនាការយោធារបស់ខ្លួននៅហ្គាហ្សា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top