ព័ត៌មានអន្តរជាតិ

រុស្ស៊ី ​នឹង​ប្រតិកម្ម ​ប្រសិនបើ​អាមេរិក និង​ហ្វាំងឡង់ ​ចុះ​កិច្ចព្រមព្រៀង​ការពារជាតិ​

រូបភាពពី៖​ AFP

ម៉ូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ី នឹងមានប្រតិកម្មប្រសិនបើសហរដ្ឋអាមេរិក និងហ្វាំងឡង់ ធ្វើកិច្ចព្រមព្រៀង ស្តីពីការការពារជាតិរួមគ្នាមែននោះ។

លោកស្រី Zakharova បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលសួរអំពីសក្តានុពលការពារជាតិអាមេរិក និងហ្វាំងឡង់ថា “យើងនឹងបង្ខំឱ្យចាត់វិធានការឆ្លើយតប ទាំងបច្ចេកទេសយោធា និងផ្សេងទៀត ដើម្បីកាត់បន្ថយការគំរាមកំហែងដល់សន្តិសុខជាតិរបស់រុស្ស៊ី ដែលនឹងកើតឡើងជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះ”។

លោកស្រីបានបន្ថែមថា ជំហានជាក់លាក់របស់រុស្ស៊ី នឹងអាស្រ័យលើថាតើកិច្ចព្រមព្រៀងយោធានេះនឹងដំណើរការដល់កម្រិតណា ជាពិសេសលើការឈរជើងរបស់កងទ័ពអាមេរិកនៅឯមូលដ្ឋានយោធាហ្វាំងឡង់។

គួរបញ្ជាក់ថា មានសេចក្តីរាយការណ៍ថា រដ្ឋាភិបាលហ្វាំងឡង់ បានបញ្ជាក់ពីការបញ្ចប់កិច្ចចរចាជាមួយសហរដ្ឋអាមេរិក ស្តីពីកិច្ចព្រមព្រៀងការពារជាតិ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top