ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក មកដល់ប្រទេសអ៊ីស្រាអែល ខណៈដែលកងទ័ពឡោមព័ទ្ធ ទីក្រុងហ្គាហ្សា

Xinhua

បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទៅដល់ប្រទេសអ៊ីស្រាអែល ហើយនៅថ្ងៃសុក្រនេះ ខណៈដែលកងទ័ពអ៊ីស្រាអែល បានឡោមព័ទ្ធទីក្រុងហ្គាហ្សា។ អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិករូបនេះ ត្រូវបានគេរំពឹងថានឹងដាក់សម្ពាធ ដល់រដ្ឋាភិបាលអ៊ីស្រាអែល ឱ្យផ្អាកការវាយលុករបស់ខ្លួននៅតំបន់ហ្គាហ្សា ដើម្បីឱ្យជំនួយមនុស្សធម៌ អាចចូលទៅក្នុងតំបន់នេះបាន។ លោក Blinken កំពុងជួបប្រជុំថ្ងៃសុក្រ ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងសមាជិកនៃគណៈរដ្ឋមន្ត្រី។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងនៅពេលដែលកងទ័ពជើងគោកអ៊ីស្រាអែល បានឡោមព័ទ្ធទីក្រុង ហ្គាហ្សា ចំពេលមានកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីនាំមកនូវការបញ្ឈប់រយៈពេលខ្លី ក្នុងការប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធហាម៉ាស និងវិបត្តិមនុស្សធម៌កាន់តែអាក្រក់ នៅក្នុងតំបន់ហ្គាហ្សា។

ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃពុធបានជំរុញឱ្យ “ផ្អាកមនុស្សធម៌” នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស។ លោកថា «ការផ្អាកមានន័យថាទុកពេលឲ្យអ្នកទោសចេញ។

ក្រុមហាម៉ាស់ជ្រុលនិយម បានចាប់ចំណាប់ខ្មាំងជាង ២៤០នាក់ ក្នុងអំឡុងពេលការវាយប្រហាររបស់ខ្លួន លើអ៊ីស្រាអែលកាលពីថ្ងៃទី៧តុលា ដែលបានសម្លាប់មនុស្ស ១.៤០០នាក់។ អ៊ីស្រាអែលបានប្រកាសសង្រ្គាម លើក្រុមហាម៉ាសបន្ទាប់ពីការវាយប្រហារនេះ ហើយការទម្លាក់គ្រាប់បែកឥតឈប់ឈរ លើតំបន់ហ្គាហ្សាបានសម្លាប់ ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់។ ក្រសួងសុខាភិបាលប៉ាឡេស្ទីន ដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងលើសពី ៩.០០០នាក់ហើយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top