ព័ត៌មានអន្តរជាតិ

អតីតមេបក្សប្រឆាំងអ៊ុយក្រែន ព្យាករណ៍ថា លោក Zelensky នឹងក្លាយជាប្រធានាធិបតី ចុងក្រោយបង្អស់របស់ប្រទេស

រូបភាពពី៖​ AFP

បរទេស៖ អតីតមេដឹកនាំបក្សប្រឆាំងអ៊ុយក្រែនលោក Viktor Medvedchuk ដែលបច្ចុប្បន្នកំពុងនិរទេសខ្លួនក្នុងប្រទេសរុស្ស៊ី បានបរិហារប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky នៅក្នុងជួរឈរមួយដែលបានចេញផ្សាយដោយវេទិកាប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី Smotrim កាលពីថ្ងៃសុក្រ។

ប្រភពដដែលបានសរសេរទៀតថាអ្នកនយោបាយ​រូបនេះ​បាន​អះអាងថា ប្រមុខរដ្ឋ​អ៊ុយក្រែន​បច្ចុប្បន្ន​អាចក្លាយទៅជាប្រធានាធិបតី​ចុងក្រោយបំផុតរបស់ប្រទេសអ៊ុយក្រែន ហើយ​គាត់​នឹង​មាន​តែ​ខ្លួន​ឯង​ដែល​ត្រូវ​ស្តីបន្ទោសចំពោះប្រវត្តិសាស្ត្រ។

លើសពីនេះលោកMedvedchuk ក៏បានដាក់ឈ្មោះ Zelensky ថាជា ជនក្បត់បែបវិជ្ជាជីវៈផងដែរមិនត្រឹមតែប៉ុណ្ណោះគឺជាជនក្បត់ជាតិដែលគ្មានមេត្តា និងដើរតាមលំនាំនៃការចាក់មនុស្សគ្រប់គ្នាពីក្រោយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ហើយនឹងត្រឹមចុងក្រោយគឺបំផ្លាញប្រទេសជាតិខ្លួនឯង។

បន្ទាប់ពីត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីនៅក្នុងអំឡុងពេលនៃពេលវេលាសន្តិភាពជាមួយរុស្ស៊ី និងការផ្សះផ្សាជាមួយ Donbass លោក Zelenskyបែរជាបានប្រគល់អំណាចទៅឱ្យអ្នកជាតិនិយមជ្រុល ដោយប្រកាន់យកនូវវោហាសាស្ត្រ និងអាកប្បកិរិយារបស់ពួកគេខុសពីមុនទៅវិញ។

គួររំលឹកដែរថា
លោក Medvedchuk បានដឹកនាំគណបក្សនយោបាយមួយដែលមានក្រុមប្រឆាំងធំជាងគេនៅក្នុងសភាអ៊ុយក្រែនមុនឆ្នាំ២០២២។

ចំពេលមានជម្លោះជាមួយរុស្ស៊ី ទីក្រុងគៀវបានចាត់ទុកគាត់ថាជាជនក្បត់ បង្ក្រាបសកម្មភាពនយោបាយរបស់គាត់ និងរឹបអូសទ្រព្យសម្បត្តិរបស់គាត់ទាំងអស់។ អ្នកនយោបាយរូបនេះត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់ទីក្រុងមូស្គូ ក្នុងការផ្លាស់ប្តូរអ្នកទោសកាលពីខែកញ្ញាឆ្នាំមុន៕ ប្រែសម្រួល៖ស៊ុនលី

To Top