បរទេស៖ យោធាអាមេរិក បានទទួលស្គាល់ ពីការហោះហើរយន្តហោះគ្មានមនុស្សបើក ពីលើតំបន់ហ្គាហ្សាស្ទ្រីប ដោយនិយាយថា យន្តហោះគ្មានមនុស្សបើក (UAVs) ត្រូវបានដាក់ពង្រាយដើម្បីជួយស្វែងរកចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ចាប់។ មន្ត្រីអាមេរិកដែលត្រូវបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយបានទទូចថាយន្តហោះនេះមិនគាំទ្រប្រតិបត្តិការរបស់អ៊ីស្រាអែលនៅក្នុងតំបន់នោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីថ្ងៃសុក្រ អ្នកនាំពាក្យមន្ទីរបញ្ចកោណ ឧត្តមសេនីយទោ Patrick Ryder បានបញ្ជាក់ថា បេសកកម្មយន្តហោះគ្មានមនុស្សបើក “បានចាប់ផ្តើមបន្ទាប់ពីការវាយប្រហារថ្ងៃទី ៧ ខែតុលា ដោយក្រុមហាម៉ាសលើអ៊ីស្រាអែល” ក្នុងអំឡុងពេលដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានចាប់ចំណាប់ខ្មាំងជាង ២០០ នាក់ ។
លោក Ryder បាននិយាយថា “ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះចំណាប់ខ្មាំង, សហរដ្ឋអាមេរិកកំពុងដំណើរការជើងហោះហើរគ្មានមនុស្សបើក (UAV) ដែលមិនបំពាក់អាវុធ ឆ្លងកាត់តំបន់ហ្គាហ្សា ក៏ដូចជាការផ្តល់យោបល់ និងជំនួយដើម្បីគាំទ្រដល់ដៃគូអ៊ីស្រាអែលរបស់យើង នៅពេលដែលពួកគេធ្វើការលើកិច្ចខិតខំប្រឹងប្រែងសង្គ្រោះចំណាប់ខ្មាំង។
ការហោះហើរនេះធ្វើឡើងបន្ទាប់ពីអ្នកកាសែតបានកត់សម្គាល់ឃើញយន្តហោះគ្មានមនុស្សបើក MQ-9 Reaper ជុំវិញតំបន់ប៉ាឡេស្ទីនតាមរយៈគេហទំព័រតាមដានការហោះហើរ។ ទោះបីជា UAVs អាចត្រូវបានបំពាក់សម្រាប់ធ្វើការវាយប្រហារតាមអាកាសក៏ដោយ ក៏ Reaper ត្រូវបានគេប្រើជាញឹកញាប់សម្រាប់ការឃ្លាំមើលដែលផ្តល់នូវឧបករណ៍ចាប់សញ្ញាកម្រិតខ្ពស់របស់វា ក៏ដូចជាសមត្ថភាពក្នុងការរក្សានៅលើអាកាសអស់រយៈពេលជាង ២៤ ម៉ោងជាប់គ្នា៕
ប្រែសម្រួលៈ ណៃ តុលា