បរទេស៖ ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះពីកិច្ចប្រជុំកំពូលនៅប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃសៅរ៍ម្សិលមិញថាបានកាត់ផ្តាច់ទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដោយសារតែការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែលទៅលើតំបន់ Gaza ។
យោងតាមការចេញផ្សាយរបស់ RT លោក Erdogan បានពោលបែបនេះថា៖លោក Netanyahu គឺមិនស្ថិតនៅក្នុងបញ្ជីអ្នកដែលតួគីត្រូវមានទំនាក់ទំនងជាមួយឬសូម្បីពិភាក្សាគ្នា។ពួកយើងបានសម្រេចចិត្តបោះបង់ភាគីរបស់លោក Netanyahu ចោលតែម្តង។
ក្រសួងការបរទេសតួគីក៏បានប្រកាសកាលពីថ្ងៃសៅរ៍ដែរថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអ៊ីស្រាអែល លោក Sakir Ozkan Torunlarចំពោះសោកនាដកម្មមនុស្សធម៌ដែលកំពុងកើតឡើងនៅតំបន់ហ្គាហ្សា ដែលបណ្តាលមកពីការវាយប្រហារបន្តដោយអ៊ីស្រាអែលប្រឆាំងនឹងជនស៊ីវិល និងការបដិសេធរបស់អ៊ីស្រាអែលចំពោះការអំពាវនាវឱ្យមានបទឈប់បាញ់ និង លំហូរឥតឈប់ឈរ និងគ្មានការរារាំងនៃជំនួយមនុស្សធម៌ជាដើមផង។
លោក Erdogan បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកមិនបានបញ្ចប់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលទាំងស្រុងនោះទេ។ ដោយលោកបានបន្តថា៖ការផ្តាច់ទំនាក់ទំនងទាំងស្រុងគឺមិនអាចទៅរួចទេ ជាពិសេសក្នុងវិស័យការទូតអន្តរជាតិ។ លោកប្រធានាធិបតីបានបង្ហាញបន្ថែមទៀតថា ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់តួគី លោក Ibrahim Kalin កំពុងដឹកនាំការចរចាជាមួយរដ្ឋាភិបាល យេរូបសាឡឹមផងនិងក្រុមហាម៉ាសក្នុងពេលថ្មីៗនេះ៕ ប្រែសម្រួល៖ស៊ុនលី