ព័ត៌មានអន្តរជាតិ

ទាហានអ៊ីស្រាអែល ឡោមព័ទ្ធទីក្រុងហ្គាហ្សា ខណៈចំនួនអ្នកស្លាប់ប៉ាឡេស្ទីន កើនឡើងដល់ ៩,៧៧០នាក់

Xinhua

យេរ៉ូសាឡឹម៖ យោធាអ៊ីស្រាអែលបានឲ្យដឹងថា កងកម្លាំងរបស់ខ្លួនបានក្នុងឡោមព័ទ្ធទៅដល់​ឆ្នេរសមុទ្រនៃទីក្រុងហ្គាហ្សា ​ ខណៈដែលចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅបានកើនឡើងដល់ ៩,៧៧០នាក់ ចំពេលមានការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែល។

យោធាអ៊ីស្រាអែល បាននិឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងពលធំទី៣៦ ពាសដែកបានទៅដល់ “ទីតាំងនៅតាមឆ្នេរសមុទ្រនៃហ្គាហ្សា” ហើយកងទ័ពកំពុង “ឡោមព័ទ្ធ” កងកម្លាំងហាម៉ាសនៅក្នុងទីក្រុង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោធាបានបន្ថែមថា គោលដៅរបស់ពួកគេគឺ “វាយប្រហារ និងបំផ្លាញគោលដៅ ដែលបានជ្រើសរើស រួមទាំងទ្រព្យសម្បត្តិសំខាន់ៗ និងមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រងដែលជាកម្មសិទ្ធិរបស់ក្រុមហាម៉ាស”។

អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បានឲ្យដឹងនៅក្នុងសន្និសីទខ្លីមួយថា “កងកម្លាំងបានបែងចែកស្ទ្រីបទៅហ្គាហ្សាខាងជើង និងហ្គាហ្សាខាងត្បូង ហើយគ្រប់គ្រង​ច្រាំង​ រួម​ទាំង​ការ​សម្លាប់​មេ​បញ្ជាការ​ហាម៉ាស”។

លោក Hagari បានអំពាវនាវម្តងទៀតទៅកាន់ពលរដ្ឋហ្គាហ្សា ឱ្យជម្លៀសខ្លួនពួកគេពីភាគខាងជើងតំបន់ហ្គាហ្សា តាមរយៈ “ច្រករបៀងមួយសម្រាប់ជនស៊ីវិល” ទៅភាគខាងត្បូង ខណៈដែលការវាយប្រហាររបស់អ៊ីស្រាអែល កាន់តែច្រើនត្រូវបានរំពឹងទុកនៅក្នុងទីក្រុងហ្គាហ្សា។

កាលពីថ្ងៃអាទិត្យផងដែរ លោក Hagari បានទាមទារឱ្យក្រុមហាម៉ាស បញ្ឈប់ “ការកេងប្រវ័ញ្ចជាប្រព័ន្ធនៃបរិក្ខារពេទ្យ សម្រាប់សកម្មភាពភេរវកម្ម”។ ក្នុង​ការ​សង្ខេប​ជា​ភាសា​អង់គ្លេស លោក Hagari បាន​បង្ហាញ​ខ្សែអាត់​សំឡេង និង​រូបភាព ​ដែលលោក​បានឲ្យដឹង​ថា ​ជា​ភស្តុតាង​ដែល​ថា ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោមដី​របស់​ក្រុម​ហាម៉ាស ​ត្រូវ​បាន​បង្កប់​នៅ​ក្រោម​មន្ទីរពេទ្យ ​ដែល​មាន​ទីតាំង​នៅ​តំបន់​ភាគខាងជើង។

កងពលតូច Al-Qassam ដែលជាស្លាបប្រដាប់អាវុធនៃក្រុមហាម៉ាស បានប្រកាសកាលពីថ្ងៃអាទិត្យថា ក្រុមអ្នកប្រយុទ្ធរបស់ខ្លួន “បានរារាំងកងកម្លាំងអ៊ីស្រាអែល ដែលវាយលុកភាគខាងកើតនៃ Khan Younis ចូលទៅក្នុងការវាយឆ្មក់យ៉ាងតឹងរ៉ឹង បន្ទាប់ពីបានវាយប្រហារពួកគេដោយគ្រាប់ផ្លោង Al-Yassin 105 កាំភ្លើងធំ អាវុធធុនមធ្យម និងកាំភ្លើងត្បាល់​ និងគ្រាប់ផ្លោង ដែលនាំទៅដល់ការបំផ្លាញរថក្រោះពីរគ្រឿង៕
ប្រែសម្រួល ឈូក បូរ៉ា

To Top