ព័ត៌មានអន្តរជាតិ

Update៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល ថ្លែងថា មិនមានបទឈប់បាញ់គ្នានោះទេ ដរាបណាមិនមានការ ដោះលែងចំណាប់ ខ្មាំង

ប្រភព ៖ AFP

យេរ៉ូសាឡឹម៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ អ៊ីស្រាអ៊ែលបានច្រានចោល ការអំពាវនាវកាន់តែខ្លាំងឡើង សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា ដោយអ្នកឯកទេស យោធាបានលើកឡើងថា កងកម្លាំងត្រូវបានកំណត់ ដើម្បីពង្រឹងប្រតិបត្តិការរបស់ពួកគេ ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស់ ។
លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានទាមទារឱ្យដោះលែងចំណាប់ខ្មាំងជាង២៤០នាក់ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស់ នៅក្នុងអំឡុងពេល នៃការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ត្រឡប់មកវិញ ។

លោក Netanyahu បានប្រាប់ដល់ក្រុមនាវិកនៅឯមូលដ្ឋានទ័ពអាកាស Ramon នៅភាគខាងត្បូង នៃប្រទេសអ៊ីស្រាអ៊ែល យ៉ាងដូច្នេះថា “វានឹងមិនមានបទឈប់បាញ់ ដោយគ្មានការវិលត្រឡប់របស់ចំណាប់ខ្មាំងនោះទេ ។ នេះគួរតែត្រូវបានដកចេញ ទាំងស្រុងពីវចនានុក្រម” ។

“យើងនិយាយបែបនេះទៅកាន់មិត្តរបស់យើង និងចំពោះសត្រូវរបស់យើង ។ យើងនឹងបន្តរហូតដល់យើងកម្ចាត់ពួកគេអស់ ។ យើងគ្មានជម្រើសផ្សេងទៀតនោះទេ” ។

យោធាអ៊ីស្រាអ៊ែល បានប្រើប្រាស់ការរួមបញ្ចូលគ្នានៃកងទ័ពជើងគោក រួមជាមួយនឹងកម្លាំងទ័ពអាកាស និងកងទ័ពជើងទឹក ដើម្បីវាយលុកតំបន់ហ្គាហ្សា និងបង្កើនការលុកលុយរបស់ខ្លួនចូលទៅក្នុងឆ្នេរសមុទ្រតូចចង្អៀត ក្នុងគោលបំណងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាស់ និងសម្លាប់មេដឹកនាំជាន់ខ្ពស់ ក៏ដូចជាប្រព័ន្ធបញ្ជា និងការគ្រប់គ្រងរបស់ខ្លួន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top