ព័ត៌មានអន្តរជាតិ

ក្រុមសកម្មប្រយុទ្ធស៊ីអ៊ីតអ៊ីរ៉ាក់ ចេញមុខទទួលខុសត្រូវ ចំពោះការវាយប្រហារ មូលដ្ឋានយោធាអាមេរិក នៅស៊ីរី

AFP

បាកដាដ៖ កងជីវពលស៊ីអ៊ីតអ៊ីរ៉ាក់ បានអះអាងកាលពីថ្ងៃអាទិត្យថា ខ្លួនទទួលខុសត្រូវ ចំពោះការវាយប្រហារដោយយន្តហោះដ្រូន លើមូលដ្ឋានយោធាអាមេរិក នៅភាគឦសានប្រទេសស៊ីរី និងការវាយប្រហារដោយកាំភ្លើងត្បាល់លើ មូលដ្ឋានយោធាអ៊ីរ៉ាក់ដែលដាក់កងកម្លាំងអាមេរិក នៅភាគខាងលិចអ៊ីរ៉ាក់។

ក្រុមប្រដាប់អាវុធមួយក្រុម ដែលហៅខ្លួនឯងថា “ការតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់” ដែលជាអង្គភាពឆ័ត្រ សម្រាប់កងជីវពលអ៊ីរ៉ាក់ ដែលគាំទ្រដោយអ៊ីរ៉ង់ បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍ តាមអ៊ីនធឺណិតថា អ្នកប្រយុទ្ធរបស់ខ្លួនបានបើកការ វាយប្រហារដោយយន្តហោះគ្មានមនុស្សបើក លើមូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅតំបន់ Tell Beydar ក្បែរទីក្រុង​ al-Hasakah នៅភាគឦសានប្រទេសស៊ីរី ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមអ្វីនោះទេ។

ទន្ទឹមនឹងនោះ ក្រុមឃ្លាំមើលសង្គ្រាម ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានអះអាងថា មានការផ្ទុះគ្រាប់បែក ត្រូវបានគេឮនៅលើមូលដ្ឋានទ័ពអាមេរិក ក្នុងតំបន់ Tell Beydar នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីនធឺណិតមួយផ្សេងទៀត កងជីវពលបានឲ្យដឹងថា យុទ្ធជនរបស់ខ្លួនបានបាញ់កាំភ្លើងត្បាល់ចំនួន ៤គ្រាប់ កាលពីយប់ថ្ងៃអាទិត្យនៅឯមូលដ្ឋានអាកាស Ayn al-Asad ក្បែរទីក្រុង al-Baghdadi ចម្ងាយប្រហែល ១៩០ គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានីបាកដាដ។

ក្រុម​សកម្មប្រយុទ្ធ​ធ្លាប់​បាន​អះអាង​ថា ​បាន​បាញ់​រ៉ុក្កែត និង​ការ​វាយ​ប្រហារ​ដោយ​យន្តហោះដ្រូន​ លើ​មូលដ្ឋាន​យោធា ​ដែល​មាន​មូលដ្ឋាន​ទ័ព​អាមេរិក​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី។ ការប្រកាសអំពីការវាយប្រហារចុងក្រោយនេះ បានកើតឡើងនៅពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទៅបំពេញទស្សនកិច្ចរយៈពេលខ្លី ទៅកាន់ទីក្រុងបាកដាដ និងបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mohammed Shia’al-Sudani ជុំវិញជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីព។

បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ លោក Blinken បានប្រាប់សន្និសីទសារព័ត៌មានថា សារច្បាស់លាស់មួយត្រូវបានផ្ញើទៅកាន់ “អ្នកដែលគំរាមកំហែងបុគ្គលិកយោធាអាមេរិកថា ពួកគេមិនគួរធ្វើដូច្នេះទេ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top