ព័ត៌មានអន្តរជាតិ

ចិន ប្តេជ្ញា​បង្កើន​លទ្ធភាព​ចូល​ទីផ្សារ ខណៈ​សេដ្ឋកិច្ច​ធ្លាក់​ចុះ

រូបភាពពី៖​ kyodo

ប៉េកាំង៖ នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង បានប្តេជ្ញាថា នឹងពង្រឹងលទ្ធភាពទទួលបានទីផ្សារ និងទាក់ទាញការវិនិយោគពីបរទេសបន្ថែមទៀត ខណៈដែលសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក បាននឹងកំពុងធ្លាក់ចុះចំពេលមានវិបត្តិវិស័យអចលនទ្រព្យ ខណៈដែលបរិយាកាសធុរកិច្ចកាន់តែអាក្រក់របស់ខ្លួនបានបង្អាក់អារម្មណ៍ក្នុងចំណោមក្រុមហ៊ុនក្រៅប្រទេសជាច្រើន។

លោក លី បានឲ្យដឹងនៅក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្មដ៏ធំមួយនៅទីក្រុងសៀងហៃថា ទីក្រុងប៉េកាំង នឹងធ្វើការជាមួយប្រទេសទាំងអស់ ដើម្បី “រួមគ្នាកសាងសេដ្ឋកិច្ចបើកចំហ” ខណៈដែលការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកកំពុងខ្វះសន្ទុះ។

នៅក្នុងនោះដែរប្រធានាធិបតីចិនលោក ស៊ី ជីនពីង ក៏បានផ្ញើលិខិតទៅកាន់ព្រឹត្តិការណ៍នេះ ហើយបានសន្យាថាប្រទេសចិននឹងបន្ត “ការបើកចំហកម្រិតខ្ពស់របស់ខ្លួន” នេះបើយោងតាមការចុះផកសាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

សាររបស់លោក ស៊ី ត្រូវបានអានដោយឧបនាយករដ្ឋមន្ត្រីលោក He Lifeng នៅពេលចាប់ផ្តើមនៃពិព័រណ៍នាំចូលអន្តរជាតិចិនលើកទីប្រាំមួយ។ ក្រុមហ៊ុនជាង ៣៤០០ មកពី ១២៨ ប្រទេស និងតំបន់បានចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្ម ដែលនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃសុក្រ។

លោក លី បានបន្ថែមថា ការនាំចូលទំនិញ និងសេវាកម្មរបស់ប្រទេសចិន ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១៧ពាន់ពាន់លានដុល្លារក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន និងជាមេដឹកនាំដំបូងរបស់ប្រទេសរបស់លោកដែលធ្វើដូច្នេះក្នុងរយៈពេលប្រហែល ៧ឆ្នាំ បានប្រាប់ពិធីនោះថា សេដ្ឋកិច្ចនៃប្រទេសអូស្ត្រាលី និងចិនមាន “លក្ខណៈបំពេញបន្ថែម” ហើយបានសន្យាថានឹងធ្វើការប្រកបដោយការស្ថាបនាដើម្បីកសាងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top