បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងថា ប្រធានាធិបតី Vladimir Zelenskyសាជាថ្មី បាននិយាយថា ពេលវេលាពេលនេះ មិនទាន់សាកសមនៅឡើយ ចំពោះការបោះឆ្នោត នៅអ៊ុយក្រែនទេ បន្ទាប់ពីមានសម្ពាធ ជាច្រើនខែពីលោកខាងលិច ឱ្យរៀបចំការបោះឆ្នោតសភា ដើម្បីរក្សាការយល់ឃើញ អំពីលទ្ធិប្រជាធិបតេយ្យ។
Zelensky បាននិយាយនៅក្នុងសុន្ទរកថា ប្រចាំថ្ងៃរបស់គាត់ថា ៖ យើងត្រូវតែសម្រេចចិត្តថា ឥឡូវនេះគឺ ជាពេលវេលាការពារជាតិ ពេលវេលានៃការប្រយុទ្ធ ដែលជោគវាសនារបស់រដ្ឋ និងអាស្រ័យលើប្រជាជន ហើយខ្ញុំជឿថា ពេលនេះមិនមែនជាពេលសម្រាប់ការបោះឆ្នោតទេ ប៉ុន្តែជាពេលដែលអ៊ុយក្រែន ត្រូវរក្សាការរួបរួមគ្នា។
គួរឲ្យដឹងដែរថារដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បាននិយាយកាលពីសប្តាហ៍មុនថា Zelensky កំពុងពិចារណាថាតើត្រូវរៀបចំការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤ដែរឬទេ។
លោកKuleba បានកត់សម្គាល់ថា ការបោះឆ្នោតបែបនេះនឹងពិបាកក្នុងការរៀបចំ ដោយមានប្រជាជនអ៊ុយក្រែន រាប់លាននាក់នៅក្រៅប្រទេស ដោយសារជម្លោះជាមួយ រុស្សី និងមនុស្សរាប់សែននាក់កំពុងប្រយុទ្ធ នៅជួរមុខនៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី