ព័ត៌មានអន្តរជាតិ

មេដឹកនាំ​អ៊ីរ៉ង់ និង​​ឥណ្ឌា ​អំពាវនាវ​ឲ្យ​បញ្ចប់​ការវាយប្រហារ​របស់​អ៊ីស្រាអែល ​នៅ​ហ្គាហ្សា

xinhua

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi និងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ​បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ ចំពោះការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប។

មេដឹកនាំទាំងពីរ បានធ្វើការអំពាវនាវនេះ នៅក្នុងការសន្ទនាតាមទូរស័ព្ទមួយ នៅពេលពិភាក្សាអំពីការវិវត្តន៍ចុងក្រោយបង្អស់នៅក្នុងរង្វង់នេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់។

លោក Raisi ក៏បានអំពាវនាវឱ្យបញ្ឈប់ការសម្លាប់ជនស៊ីវិល នៅហ្គាហ្សា ដោយ​ថា វាបានធ្វើឱ្យពិភពលោកខឹងសម្បារ “ប្រជាជនសេរី” ហើយអាចមានផលវិបាកឆ្លងតំបន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកប្រធានាធិបតីបានប្តេជ្ញាគាំទ្រ ចំពោះកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីសម្រេចបានបទឈប់បាញ់ភ្លាមៗនៅហ្គាហ្សា ដកការឡោមព័ទ្ធ និងអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌បន្ថែមទៀតចូលទៅក្នុងនោះ។

លោក ក៏បានមើលងាយវិធីសាស្រ្ត “លាក់ពុត” របស់បស្ចិមប្រទេសក្នុងការបង្ហាញពី “រូបភាពមិនត្រឹមត្រូវ” នៃការអភិវឌ្ឍន៍នៅក្នុងតំបន់ហ្គាហ្សា ដើម្បីទទួលបានការយល់ព្រមជាសាធារណៈ ចំពោះ “ការផ្លាស់ទីលំនៅដោយបង្ខំរបស់ប្រទេសប៉ាឡេស្ទីន ក្រោមលេសនៃការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម”។

លោក Raisi បានថ្កោលទោសសហរដ្ឋអាមេរិកថាជា “អ្នកសមគំនិតចម្បងរបស់អ៊ីស្រាអែល” ដោយសារតែ “ការគាំទ្រផ្នែកហិរញ្ញវត្ថុ អាវុធ និងការស៊ើបការណ៍របស់ខ្លួនទាំងអស់ សម្រាប់អ៊ីស្រាអែល និងការប្រឆាំង ចំពោះសេចក្តីសម្រេច ដែលបានស្នើឡើងនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានអំពាវនាវឱ្យបញ្ចប់ជម្លោះ” ។

សម្រាប់ផ្នែករបស់លោកវិញ លោក Modi បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពមិនអំណោយផលនៅក្នុងតំបន់ហ្គាហ្សា ដោយថ្កោលទោស “ការសម្លាប់ជនស៊ីវិលរបស់អ៊ីស្រាអែល ​” ដោយអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីស្វែងរកដំណោះស្រាយ ចំពោះជម្លោះ និងទប់ស្កាត់ការពង្រីកខ្លួនទៅកាន់តំបន់ដែលនៅសល់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top