ព័ត៌មានអន្តរជាតិ

ជម្លោះដ៏សាហាវរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល បង្កឲ្យពលរដ្ឋហ្គាហ្សា ត្រឡប់ទៅជីវិតដើមវិញ

AFP

ហ្គាហ្សា៖ អស់រយៈពេលជាង ៣សប្តាហ៍ អូសាម៉ា សៀម ក៏ដូចជាប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ទៀត នៅតំបន់ហ្គាហ្សា ត្រូវបោះបង់ចោលរថយន្តរបស់លោក ហើយងាកទៅរករទេះលា បន្ទាប់ពីប្រេងឥន្ធនៈ និងសម្ភារៈចាំបាច់ផ្សេងទៀតត្រូវបានកាត់ផ្តាច់ដោយអ៊ីស្រាអែល ចំពេលមានជម្លោះរវាងហាម៉ាស និងអ៊ីស្រាអែល ដែលកំពុងបន្ត។

រស់នៅក្នុងជំរុំជនភៀសខ្លួន al-Nusiarat នៅកណ្តាលហ្គាហ្សាស្ទ្រីប លោកត្រូវជិះចម្ងាយឆ្ងាយក្នុងរង្វង់ ដែលឡោមព័ទ្ធ ដើម្បីទិញនំប៉័ង ម្សៅ និងទឹក សម្រាប់គ្រួសាររបស់លោក និងប្រជាជន ដែលជ្រកក្រោមដំបូលរបស់លោក។

មិនធ្លាប់មានចាប់តាំងពីអ៊ីស្រាអែល បានដាក់ការបិទផ្លូវទាំងស្រុងលើ តំបន់ហ្គាហ្សាស្ទ្រីបនៅថ្ងៃទី០៩ ខែតុលា សៀមបានបរាជ័យក្នុងការទទួលបាន ប្រេងឥន្ធនៈណាមួយ សូម្បីតែពីទីផ្សារងងឹត ដើម្បីដំណើរការរថយន្ត Nissan ស៊េរីឆ្នាំ២០២២ របស់លោក។

បុរសអាយុ ៤៧ឆ្នាំរូបនេះបានលើកឡើងថា “ជីវិតរបស់ខ្ញុំបានប្រែក្លាយទាំងស្រុង​ ខ្ញុំបានបាត់បង់អ្វីៗទាំងអស់: ផ្ទះរបស់ខ្ញុំ ស្ថេរភាពរបស់ខ្ញុំ ហើយឥឡូវនេះឡានរបស់ខ្ញុំ បានក្លាយទៅជាគ្មានប្រយោជន៍” ។ លោកបានទួញសោកថា “សង្រ្គាមបាននាំយើងត្រឡប់ទៅរកជីវិតបែបបុរាណ ដែលនឹកស្មានមិនដល់ វាអាក្រក់ជាងសុបិន្តអាក្រក់ទៅទៀត”។

ជុំចុងក្រោយនៃជម្លោះរវាងក្រុមហាម៉ាស-អ៊ីស្រាអែល បានចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលា នៅពេលដែលក្រុមហាម៉ាស គ្រប់គ្រងតំបន់ហ្គាហ្សា បានបើកការវាយប្រហារដ៏គួរឱ្យ ភ្ញាក់ផ្អើលមួយទៅលើគោលដៅ និងទីប្រជុំជនយោធាអ៊ីស្រាអែល ដោយជំរុញឱ្យមានការវាយប្រហារ តាមអាកាសយ៉ាងទូលំទូលាយលើតំបន់ហ្គាហ្សា។

ការប្រឈមមុខដាក់គ្នាយ៉ាងបង្ហូរឈាមនេះ បានសម្លាប់មនុស្សជាង ១១,០០០នាក់នៅភាគីទាំងសងខាង ដែលបណ្តាលឱ្យហេដ្ឋារចនាសម្ព័ន្ធ របស់ហ្គាហ្សារងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងមនុស្ស ១,៤លាននាក់ត្រូវផ្លាស់ទីលំនៅខាងក្នុង។

ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានឲ្យដឹងថា សណ្តាប់ធ្នាប់សង្គមរបស់តំបន់ហ្គាហ្សា បានចាប់ផ្តើមដួលរលំបន្ទាប់ពីសង្គ្រាមរយៈពេល ៣សប្តាហ៍ និងការឡោមព័ទ្ធយ៉ាងតឹងរ៉ឹងរបស់អ៊ីស្រាអែល។

លោក Tom White នាយកកិច្ចការ UNRWA ប្រចាំតំបន់ហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សរាប់ពាន់នាក់បានសម្រុកចូលឃ្លាំងស្តុកទំនិញ និងមជ្ឈមណ្ឌលចែកចាយ របស់ខ្លួននៅតំបន់កណ្តាល និងភាគខាងត្បូង ហើយបានរឹបអូសយកម្សៅស្រូវសាលី និងសម្ភារៈសង្គ្រោះមូលដ្ឋានផ្សេងទៀត ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top