ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ១៧គ្រឿង វាយប្រហារឧបទ្វីបគ្រីមៀ និងលើសមុទ្រខ្មៅ ប៉ុន្តែត្រូវប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បំផ្លាញចោលទាំងអស់

រូបភាព៖ Afp

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃអង្គារថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានកម្ទេចយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ៩ គ្រឿង និងស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ៨ គ្រឿងផ្សេងទៀតនៅលើសមុទ្រខ្មៅ និងឧបទ្វីបគ្រីមៀ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា “នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ការប៉ុនប៉ងរបស់របបទីក្រុងគៀវ ដើម្បីអនុវត្តការវាយប្រហារភេរវកម្មដោយប្រើយន្តហោះគ្មានមនុស្សបើកចំនួន ១៧ គ្រឿងលើទីតាំងនានានៅលើទឹកដីនៃសហព័ន្ធរុស្ស៊ី ប៉ុន្តែត្រូវបានបញ្ឈប់។ ប្រព័ន្ធការពារដែនអាកាសបានបំផ្លាញយានយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ៩ គ្រឿង និងស្ទាក់ចាប់បានចំនួន ៨ គ្រឿង។

អ៊ុយក្រែនបាននឹងកំពុងបញ្ជូនយន្តហោះគ្មានមនុស្សបើក និង បាញ់មីស៊ីលចូលទៅក្នុងទឹកដីរុស្ស៊ីស្ទើរតែរាល់ថ្ងៃ ចាប់តាំងពីទីក្រុងគៀវបានចាប់ផ្តើមការវាយលុកនៅដើមខែមិថុនា។ អង្គការសហប្រជាជាតិបាននិយាយកាលពីខែសីហា បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើទីក្រុងមូស្គូថា ខ្លួនមិនចង់ឃើញមានការវាយប្រហារលើគោលដៅណាមួយទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនោះទេ។

ការវាយលុករបស់អ៊ុយក្រែនបានចាប់ផ្តើមនៅថ្ងៃទី ៤ ខែមិថុនា។ ក្រុងគៀវបានដាក់ពង្រាយកងពលតូចដែលបណ្តុះបណ្តាលដោយគ្រូបង្ហាត់ណាតូ និងប្រដាប់ដោយឧបករណ៍របស់លោកខាងលិច រួមទាំងរថក្រោះ Leopard និង Challenger ផងដែរ។

កាលពីខែតុលា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ការជំរុញរបស់ទីក្រុងគៀវបានបរាជ័យ ដោយអ៊ុយក្រែនបានទទួលរងនូវការបាត់បង់ជីវិតទាហានដែលត្រូវបានប៉ាន់ស្មានថា មានជាង ៩០.០០០នាក់៕

ប្រែសម្រួលៈ ណៃ តុលា

To Top