បរទេស៖ អង្គការណាតូបានប្រកាសថា ខ្លួននឹងផ្អាកការចូលរួមរបស់ខ្លួននៅក្នុងសន្ធិសញ្ញាស្តីពីកងកម្លាំងប្រដាប់អាវុធសាមញ្ញនៅអឺរ៉ុបឬហៅកាត់ថា CFE បន្ទាប់ពីរុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ដោយពណ៌នាថាវាជាយន្តការដែលប្រើប្រាស់ លែងកើតទៅហើយចំពេលមានការប្រឈមមុខជាមួយប្រទេសលោកខាងលិច។
សន្ធិសញ្ញា CFE ត្រូវបានចុះហត្ថលេខានៅឆ្នាំ១៩៩០ ដោយប្លុកសូវៀត និងសមាជិកណាតូក្នុងខែចុងក្រោយនៃសង្រ្គាមត្រជាក់។ វាបានដាក់កម្រិតលើចំនួនរថក្រោះ រថពាសដែក កាំភ្លើងធំ ឧទ្ធម្ភាគចក្រ និងយន្តហោះដែលឈរជើងនៅអឺរ៉ុប។
ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ខណៈពេលដែលកិច្ចព្រមព្រៀងដំបូងបានជួយដល់ស្ថិរភាពក្របខ័ណ្ឌសន្តិសុខនៅអឺរ៉ុបនោះ ប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក ក្រោយមកបានចាប់ផ្តើមរំលងការរឹតបន្តឹងខ្លាំងពេក រួមទាំងដោយការទទួលស្គាល់សមាជិកថ្មីជាដើម។
ទន្ទឹមគ្នានេះដែរក្រសួងការបរទេសរុស្ស៊ី បានច្រានចោលនូវ លទ្ធភាព នៃកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធថ្មីជាមួយលោកខាងលិច ដោយនិយាយថាណាតូមិនអាចចរចាបានទេនៅពេលនេះ៕
ប្រែសម្រួល៖ស៊ុនលី