បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃពុធថា ការបង្កើតសន្តិភាព ស្ថិរភាព និងវិបុលភាពរួមគ្នា គឺចាំបាច់ដើម្បីអភិវឌ្ឍសណ្តាប់ធ្នាប់ ពិភពលោកថ្មី និងយុត្តិធម៌។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមលោកប្រធានាធិបតី ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយកាហ្សាក់ស្ថាន និងដែលត្រូវបានចេញផ្សាយ នៅលើគេហទំព័ររបស់វិមានក្រឹមឡាំងថា “ការអភិវឌ្ឍន៍នៃសណ្តាប់ធ្នាប់ពិភពលោកថ្មី និងយុត្តិធម៌ជាងមុន ដោយផ្អែកលើភាពសំខាន់នៃច្បាប់អន្តរជាតិ គឺជានិន្នាការទូទៅមួយនៅក្នុងដំណាក់កាល នៃការអភិវឌ្ឍន៍ពិភពលោកនាពេលបច្ចុប្បន្ន។ ប្រទេសរុស្ស៊ីជឿជាក់ថា ការបង្កើតលំហអឺរ៉ាស៊ីដែលមានសន្តិភាព ស្ថិរភាព និងវិបុលភាពរួមគ្នា គឺជាផ្នែកសំខាន់មួយនៃដំណើរការនេះ។
លោកពូទីនក៏បាននិយាយផងដែរថា រដ្ឋឯករាជ្យ Commonwealth of Independent States ឬ CIS គឺជាផ្នែកសំខាន់មួយនៃសន្តិភាព និងស្ថិរភាពនៅអឺរ៉ាស៊ី។
លោកប្រធានាធិបតី ពូទីន បាននិយាយថា “យើងចាត់ទុកទម្រង់តំបន់តំណាងដ៏ត្រឹមត្រូវមួយទៀត ដែលជាសហគមន៍នៃរដ្ឋឯករាជ្យ ជាផ្នែកសំខាន់មួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងគោលបំណងគាំទ្រសន្តិភាព និងស្ថិរភាពនៅក្នុងលំហអឺរ៉ាស៊ីទាំងមូល”។
ដោយរំលឹកឡើងវិញពីរបៀប ដែលរុស្ស៊ីត្រូវបានកំណត់ធ្វើជាប្រធាន Commonwealth of Independent States ឬ CIS ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ លោកពូទីនបានរៀបរាប់លម្អិតថា “អាទិភាពចម្បងរបស់ប្រទេសនេះ រួមមានការធ្វើឱ្យស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការពង្រីកទំនាក់ទំនងវប្បធម៌ និងមនុស្សធម៌ និងការទំនាក់ទំនងក្នុងវិស័យសន្តិសុខ និងការអនុវត្តច្បាប់ ការភ្ជាប់ទំនាក់ទំនងដំណើរការសមាហរណកម្មអឺរ៉ាស៊ី ៕
ប្រែសម្រួលៈ ណៃ តុលា