បរទេស៖ រដ្ឋាភិបាលយេមែនដែលដឹកនាំដោយក្រុម Houthi កាលពីថ្ងៃពុធម្សិលមិញនេះបានអះអាងថា បានបាញ់ទំលាក់យន្តហោះដ្រូនយោធាមួយគ្រឿងរបស់អាមេរិក ដែលបានធ្វើការហោះហើរចូលដល់ដែនអាកាសរបស់ខ្លួន។
ទោះបីជាយ៉ាងណាក្តីសេចក្តីប្រកាសរបស់ក្រុម Houthi មិនបានបញ្ជាក់លំអិតអំពីទីតាំងកន្លែងកើតហេតុនិងប្រភេទអាវុធដែលបានប្រើប្រាស់នោះទេប៉ុន្តែបញ្ជាក់ថាយន្តហោះដ្រូនអាមេរិកប្រភេទ MQ9 ដែលខ្លួនបានបាញ់ទំលាក់។
មកទល់ពេលនេះយោធាអាមេរិកមិនបានធ្វើអត្ថាធិប្បាយជុំវិញឧប្បត្តិហេតុដែលបានរាយការណ៍នោះទេ។ រូបថតនៃយន្តហោះគ្មានមនុស្សបើក Reaper ដែលកំពុងឆេះត្រូវបានចែកចាយនៅលើបណ្តាញសង្គម ប៉ុន្តែវាមិនត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យនៅឡើយទេ។
រំលឹកដែរថានៅចុងខែតុលា យេមែនបានបញ្ជាក់ថា ខ្លួនបានបាញ់បង្ហោះដ្រូន និងមីស៊ីលម្តងហើយម្តងទៀត ប្រឆាំងនឹងអ៊ីស្រាអែល ហើយបាននិយាយថា ខ្លួនមានបំណងបន្តធ្វើដូច្នេះ។
យោធាអាមេរិក ក៏ធ្លាប់បានអះអាងដែរថា ខ្លួនបានបាញ់ទម្លាក់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល នៅលើសមុទ្រក្រហម ប៉ុន្តែនឹងមិនបញ្ជាក់ថាតើពួកគេមកពីប្រទេសយេមែនឬយ៉ាងណានោះដែរ៕ ប្រែសម្រួល៖ស៊ុនលី