បរទេស៖ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានបញ្ជាក់ថាលោកបានត្រៀមរៀបចំផែនការជាយុទ្ធសាស្ត្ររួចហើយក្នុងការបន្តប្រតិបត្តិការវាយបករបស់អ៊ុយក្រែនដើម្បីប្រឆាំងទៅនឹងប្រទេសរុស្សីហើយនឹងត្រៀមខ្លួនដើម្បីទទួលបានជ័យជំនះក្នុងពេលឆាប់ៗនេះ។
យោងតាមការចេញផ្សាយរបស់ RTបានឲ្យដឹងថាសេចក្តីថ្លែងការណ៍នេះបានធ្វើឡើងកាលពីថ្ងៃពុធម្សិលមិញនៅក្នុងពេលដែលលោកកំពុងផ្តល់បទសំភាសជាមួយនឹងក្រុមអ្នកកាសែតរបស់រ៉យទ័រតាមរយៈវិដេអូ។
លោក Zelensky បានថ្លែងបែបនេះថា៖យើងមានផែនការរួចទៅហើយហើយ យើងមានមូលដ្ឋាននៅតាមទីក្រុង នឹងផ្លូវដែលរឹងមាំដែលយើងនឹងធ្វើដំណើរទៅ។ ខ្ញុំមិនអាចចែករំលែកព័ត៌មានលម្អិតទាំងអស់ ប៉ុន្តែយើងមានជំហានយឺតៗឆ្ពោះទៅភាគខាងត្បូង ហើយយើងក៏មានជំហាននៅខាងកើតដែរ។
ទោះបីជាយ៉ាងណាក្តីគេមើលឃើញថា
ការលើកឡើងរបស់លោក Zelensky គឺមានភាពផ្ទុយនឹងការវាយតម្លៃរបស់ឧត្តមសេនីយ៍កំពូលរបស់លោក Valery Zaluzhny ក្នុងបទសម្ភាសជាមួយនឹង The Economist ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។
មេបញ្ជាការយោធាកំពូលរូបនេះបានអះអាងថា ជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ បានឈានដល់ភាពជាប់គាំងតាមបែបសង្គ្រាមលោកទី១ WWI ដោយរុស្ស៊ីមានឱកាសប្រសើរជាងមុន តាមរយៈចំនួនប្រជាជន និងធនធានដ៏ច្រើនសន្ធឹកសន្ធាប់របស់ពួកគេ៕ ប្រែសម្រួល៖ស៊ុនលី