ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ហេតុអ្វីបានជា”ការដាក់បង្ហាញលើកដំបូងលើពិភពលោកនៅអាស៊ីនិងនៅប្រទេសចិន”ម្តងហើយម្តងទៀតបានសម្លឹង តម្រង់មករកពិព័រណ៍នាំចូលចិនអន្តរជាតិ?

ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ ដែលកំពុងបើកធ្វើនៅក្រុងសៀងហៃ ផលិតផលច្នៃប្រឌិតថ្មីជាច្រើនត្រូវបានដាក់តាំងបង្ហាញ ដែលបានបង្ហាញឱ្យឃើញនូវបច្ចេកវិទ្យាឈានមុខលើវិស័យភាពវៃឆ្លាតឌីជីថល និងការអភិវឌ្ឍបៃតងជាដើម ។

ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះ ផលិតផលថ្មី បច្ចេកវិទ្យាថ្មីនិងសេវាកម្មថ្មីដែលប្រកបដោយភាពតំណាងចំនួន៤៤២ផ្នែក បានដាក់បង្ហាញជាមួយគ្នា ។ ក្នុងនាមជាពិព័រណ៍ថ្នាក់ជាតិដែលធ្វើឡើងក្រោមប្រធានបទនាំចូលជាលើកដំបូងនៅលើពិភពលោក ពិព័រណ៍នាំចូលចិនអន្តរជាតិបានក្លាយជាម៉ាកល្បីឈ្មោះ ដែលបានក្លាយទៅជាវេទិកាប្រកបដោយគុណភាពខ្ពស់សម្រាប់ឱ្យចិននិងបណ្តាប្រទេសនានារួមគ្នាត្រួសត្រាយសក្តានុពលនៃកំណើនថ្មី ។

បើមើលពីប្រវត្តិសាស្ត្រដ៏យូរលង់របស់ប្រទេសចិនអាចឃើញថា ប្រជាជនចិននិយមចូលចិត្តការច្នៃប្រឌិតថ្មីជាប់រហូតមក ។ ផ្លូវសូត្របុរាណបាននាំមកនូវម្ហូបអាហារឆ្ញាញ់ៗរបស់បរទេសជាច្រើន ធ្វើឱ្យវប្បធម៌ហូបចុករបស់ចិនមានការរីកចម្រើនដ៏សម្បូរបែប គ្រឿងអលង្ការនិងឧបករណ៍ភ្លេងដ៏ប្រណិតជាដើម ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនចិនមានភាពកាន់តែសម្បូរបែប ។ បច្ចុប្បន្ននេះ និន្នាការលើកកម្ពស់កម្រិតថ្នាក់នៃការប្រើប្រាស់របស់ចិនបានផ្តល់ឱកាសថ្មីដល់ការអភិវឌ្ឍនៃសហគ្រាសពហុជាតិ ។

ប្រទេសចិន មានចំនួនប្រជាជនជាង១ពាន់៤រយលាននាក់ ក្នុងនោះក្រុមប្រជាជនបានចំណូលមធ្យមមានចំនួនជាង៤រយលាននាក់ នេះគឺមានន័យថា ចិនបានផ្តល់កន្លែងសាកល្បងនិងកន្លែងដាក់លក់ដ៏ធំធេងសម្រាប់បច្ចេកទេសថ្មីនិងផលិតផលថ្មីនៅលើពិភពលោកទាំងមូល ។ ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិ ផលិតផលដែលពោពេញទៅដោយភាពឆ្លាតវៃនិងអាចជួយឱ្យជីវភាពរស់នៅមានភាពកាន់តែល្អបវរទាំងនោះបានបំពេញយ៉ាងខ្លាំងតាមតម្រូវការរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិន ។

ព្រមពេលជាមួយគ្នានេះ ភាពជោគជ័យរបស់យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ចិនដែលជំរុញដោយការច្នៃប្រឌិតថី្ម បានផ្តល់វេទិកាសម្រាប់ឱ្យពាណិជ្ជករបរទេសធ្វើការច្នៃប្រឌិតថ្មី ។ នៅខែកញ្ញាឆ្នាំនេះ របាយការណ៍ដែលចេញផ្សាយដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានបង្ហាញថា ក្នុងតារាងចំណាត់ថ្នាក់នៃសន្ទស្សន៍នវានុវត្តន៍សកល ប្រទេសចិនកាន់លំដាប់ថ្នាក់ទី១២ គឺជាអង្គភាពសេដ្ឋកិច្ចចំណូលមធ្យមតែមួយគត់ក្នុងលេខរៀង៣០ខាងមុខ ។ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិនបានកើតមាន “កម្លាំងស្រូបទាញ”ជាបន្តបន្ទាប់ ពាណិជ្ជករដែលចូលរួមពិព័រណ៍ជាច្រើនបានបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនៅប្រទេសចិន ។

ខណៈពេលរៀបចំពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ គឺចំពេលខួបទី៤៥នៃការអនុវត្តគោលនយោបាយកំណែទម្រង់និងបើកទូលាយ និងខួបទី១០នៃការលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”របស់ប្រទេសចិន ។ ពេលមុននេះមិនជាយូរប៉ុន្មាន វេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ”សម្រាប់កិច្ចសហប្រតិបតិ្តការអន្តរជាតិលើកទីបីបានបើកធ្វើដោយជោគជ័យនៅក្រុងប៉េកាំង ។ ប្រទេសចិនបានលើកឡើងសកម្មភាព៨ចំណុចដើម្បីផ្តល់ការគាំទ្រដល់ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ក្នុងនោះបូករួមទាំងផ្តល់ការគាំទ្រដល់ការបង្កើតសេដ្ឋកិច្ចសកលបែបបើកទូលាយនិងជំរុញការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាជាដើម ។

«របាយការណ៍ស្តីពីការបើកទូលាយសកលឆ្នាំ២០២៣»ដែលចេញផ្សាយដោយវេទិកាសេដ្ឋកិច្ចអន្តរជាតិHongQiaoលើកទី៦បានបង្ហាញឱ្យឃើញថា ពីឆ្នាំ២០០៨ដល់ឆ្នាំ២០២២ សន្ទស្សន៍បើកទូលាយរបស់ចិនបានកើនឡើងពី០.៦៧៨៩ដល់០.៧៥១៧ ។ អ្នកទទួលខុសត្រូវរបស់ក្រុមហ៊ុន DOW របស់អាមេរិកដែលបានចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិបានថ្លែងថា រាល់១៨ខែ ក្រុមហ៊ុនរបស់លោកក៏បានចាប់ដំណើរការខ្សែសង្វាក់ផលិតកម្មថ្មីមួយនៅប្រទេសចិន នេះបានបង្ហាញពីជំនឿចិត្តទៅលើប្រទេសចិន ។

អាចប៉ាន់ប្រមាណថា យោងតាមការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ឈានចូលដំណាក់កាល១០ឆ្នាំបន្ទាប់មួយទៀត នឹងមានសហគ្រាសអន្តរជាតិកាន់តែច្រើនឡើងៗបណ្តាក់ទុននៅប្រទេសចិនតាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិ ដែលបានប្រែពីពាណិជ្ជករចូលរួមពិព័រណ៍ទៅជាអ្នកវិនិយោគ ។ នៅទីនេះ ពួកគេមិនត្រឹមតែអាចទទួលបានការបញ្ជាទិញ ទទួលបានឱកាសទីផ្សារនិងគំនិតច្នៃប្រឌិតថ្មីជាដើមប៉ុណ្ណោះទេ ថែមទាំងក៏នឹងទទួលបានកាលានុវត្តភាពឥតព្រំដែនដែលបាននាំមកដោយការធ្វើទំនើបកម្មតាមបែបផែនចិនផងដែរ ៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top