ព័ត៌មានអន្តរជាតិ

Update៖ ពលរដ្ឋរាប់ម៉ឺននាក់ កំពុងបន្តជម្លៀសខ្លួនចេញ ខណៈអ៊ីស្រាអ៊ែល បង្កើនការវាយលុកយ៉ាងខ្លាំងទៅលើតំបន់ ហ្គាហ្សា

រូបភាពពី៖​ AFP

ហ្គាហ្សា ស្ទ្រីប៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ពលរដ្ឋប៉ាឡេស្ទីន រាប់ម៉ឺននាក់បានភៀសខ្លួនចេញពីការប្រយុទ្ធ និងការទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សា ខណៈដែលអ៊ីស្រាអ៊ែល បានលើកឡើងថា ខ្លួនកំពុងរឹតបន្តឹង ដែលជា “ការច្របាច់ក” លើក្រុមហាម៉ាស់ ហើយជាថ្មីម្តងទៀតបានច្រានចោលបទឈប់បាញ់ដោយគ្មានការដោះលែងចំណាប់ខ្មាំងបានឡើយ ។
ការអំពាវនាវឱ្យមានបទឈប់បាញ់ដើម្បីការពារជនស៊ីវិលបានធ្វើឡើងក្នុងរយៈពេលជាង១ខែនៅក្នុងសង្គ្រាមដែលបានផ្ទុះឡើងនៅគ្រាដែលក្រុមហាម៉ាស់ បានវាយប្រហារមកលើអ៊ីស្រាអ៊ែល ហើយយោងទៅតាមមន្ត្រីអ៊ីស្រាអ៊ែល បានឲ្យដឹងថា មានមនុស្សប្រហែល១.៤០០នាក់បានស្លាប់ ភាគច្រើនជាជនស៊ីវិល និងត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងចំនួន២៣៩នាក់ ។

គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអ៊ែល គឺធ្វើឡើងក្នុងគោលបំណងបំផ្លាញក្រុមហាម៉ាស់ ដែលអ៊ីស្រាអែលបានសងសឹកដោយធ្វើការទម្លាក់គ្រាប់បែកឥតឈប់ឈរ និងការលុកលុយលើដីនៅតំបន់ហ្គាហ្សាស្ទ្រីប ។

ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់នៅហ្គាហ្សា បានឲ្យដឹងថា មានមនុស្សជា១០.៥០០នាក់ ដែលភាគច្រើនជាកុមារ បានស្លាប់បាត់បង់ជីវិត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top