ព័ត៌មានអន្តរជាតិ

Update៖ លោក ពូទីន កោតសរសើរចំពោះបច្ចេកវិទ្យាខ្ពស់ និងបានធ្វើកិច្ចសហប្រតិបត្តិការ ជាមួយនឹងចិន

រូបភាពពី៖​ AFP

ហ្គាហ្សា ស្ទ្រីប៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានកោតសរសើរចំពោះអ្វីដែលលោកបានពណ៌នាថា ជាកិច្ចសហប្រតិបត្តិការយោធារុស្ស៊ី លើ”បច្ចេកវិទ្យាខ្ពស់” ដ៏សំខាន់ជាមួយនឹងប្រទេសចិន ខណៈចូលរួមនៅក្នុងកិច្ចប្រជុំនៅទីក្រុងម៉ូស្គូជាមួយឧត្តមសេនីយកំពូលរបស់ចិន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតី ហ្ស៊ី ជីនពីង ។

កន្លងមកគេបានដឹងថា ប្រទេសចិន និងរុស្ស៊ី បានប្រកាសភាពជាដៃគូ “គ្មានដែនកំណត់” នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២នៅគ្រាដែលលោក ពូទីន បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ប៉ុន្មានថ្ងៃមុនពេលដែលគាត់បានបញ្ជូនយោធារាប់ម៉ឺននាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែន ដែលបង្កឱ្យមានសង្រ្គាមដីធ្លីដ៏សាហាវបំផុតនៅប៉ែកអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ ។

ទទួលស្វាគមន៍ពីសំណាក់ឧត្តមសេនីយ៍ Zhang Youxia អនុប្រធានគណៈកម្មការយោធាមជ្ឈិមរបស់ចិន និងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu លោក ពូទីន បានផ្ញើសារជូនពរលោក ហ្ស៊ី ដោយថ្លែងថា មេដឹកនាំទាំង២បានបង្កើតទំនាក់ទំនងមិត្តភាព និងការងារដ៏ល្អ ។

លោក ពូទីន បានប្រាប់ដល់លោក Zhang នៅឯគេហដ្ឋាន Novo-Ogaryovo នៅខាងក្រៅទីក្រុងម៉ូស្គូ ថាយ៉ាងដូច្នេះ “រុស្ស៊ី និងចិន មិនបង្កើតសម្ព័ន្ធភាពយោធាណាមួយតាមខ្សែបន្ទាត់នៃសង្រ្គាមត្រជាក់នោះទេ” ដោយលោកថ្លែងទៀតថា ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងចិន គឺជាកម្លាំងស្ថិរភាពសម្រាប់ពិភពលោក ។

ចំណែកសហរដ្ឋអាមេរិកវិញ បានចាត់ទុកចិន ជាគូប្រជែងធំបំផុតរបស់ខ្លួន ហើយរុស្ស៊ី ជាការគំរាមកំហែងរដ្ឋធំបំផុត របស់ខ្លួន ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ប្រកែកថា សតវត្សនេះនឹងត្រូវកំណត់ដោយការប្រកួតប្រជែងអត្ថិភាពរវាងលទ្ធិប្រជាធិបតេយ្យ និងស្វ័យភាព ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top