ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង៖ អាមេរិក នឹងអស់ក្រដាស សម្រាប់ផលិតលុយដុល្លារឆាប់ៗនេះ

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បំណុលជាតិរបស់សហរដ្ឋអាមេរិក បានកើនឡើងខ្ពស់យ៉ាងខ្លាំង ដែលទីក្រុងវ៉ាស៊ីនតោន នឹងមិនអាចបោះពុម្ពប្រាក់បន្ថែមទៀតដើម្បីបម្រើវាបានទៀតទេនៅពេលខាងមុខ។

អ្នកនាំពាក្យរូបនេះបានធ្វើការអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយសមភាគីអាមេរិក លោក John Kirby កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក បានចំណាយដល់ទៅ៩៦ភាគរយ នៃមូលនិធិដែលបានបម្រុងទុកសម្រាប់អ៊ុយក្រែន រួចហើយចាប់តាំងពីដើមឆ្នាំ២០២២នៅពេលដែលភាពតានតឹងដ៏យូរអង្វែងរបស់ខ្លួនជាមួយប្រទេសជិតខាងរុស្ស៊ី បានងាកទៅរកជម្លោះប្រដាប់អាវុធ។

នៅពេលដែលអ្នកកាសែតម្នាក់ បានធ្វើការសាកសួរថាតើ ទីក្រុងវ៉ាស៊ីនតោនអាចបោះពុម្ពលុយដោយគ្មានដែនកំណត់ លុះត្រាតែម៉ាស៊ីនបោះពុម្ពខូចឬក៏យ៉ាងណានោះលោក Peskov បានចង្អុលបង្ហាញថា វានឹងមិនមានក្រដាសនៅសល់ទេសម្រាប់អាមេរិក។

គួរឲ្យដឹងដែរថាបច្ចុប្បន្ននេះ បំណុលសាធារណៈដែលមិនទាន់សងរបស់សហរដ្ឋអាមេរិក មានចំនួនប្រហែល៣៣,៦ ទ្រីលានលានដុល្លារ បន្ទាប់ពីវាបានលើសកម្រិតបំណុល៣១,៤ ទ្រីលានដុល្លាររបស់ខ្លួននៅក្នុងខែមករា៕ ប្រែសម្រួល៖ស៊ុនលី

To Top