ព័ត៌មានអន្តរជាតិ

ចិន ថ្កោលទោសទង្វើ ដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល និងបំពានលើច្បាប់ មនុស្សធម៌អន្ដរជាតិ

រូបភាពពី៖​ XINHUA

ប៉េកាំង៖ បេសកជនពិសេសរបស់រដ្ឋាភិបាលចិន បានឲ្យដឹងក្នុងសន្និសីទមនុស្សធម៌អន្តរជាតិ ស្តីពីជំនួយដល់ជនស៊ីវិលនៅហ្គាហ្សា ប្រទេសចិនប្រឆាំង និងថ្កោលទោស ចំពោះទង្វើដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល និងរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ។

ប្រទេសចិន មានការសោកស្ដាយយ៉ាងខ្លាំង ចំពោះជម្លោះជុំថ្មីនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ដែលបានអូសបន្លាយរយៈពេលជាងមួយខែ បានសម្លាប់ជនស៊ីវិលយ៉ាងច្រើន និងធ្វើឱ្យស្ថានភាពមនុស្សធម៌កាន់តែយ៉ាប់យ៉ឺន លោក Zhai Jun បេសកជនពិសេសរបស់រដ្ឋាភិបាលចិនទទួលបន្ទុកបញ្ហាមជ្ឈិមបូព៌ាបានថ្លែង​ក្នុង​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​ដែល​បាន​ប្រមូល​ផ្តុំ​ប្រមុខ​រដ្ឋ និង​រដ្ឋាភិបាល​ព្រម​ទាំង​មន្ត្រី​មក​ពី​អង្គការ​អន្តរជាតិ និង​តំបន់។

លោកបានលើកឡើងថា ប្រទេសចិន គាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយជម្លោះ និងចាប់ផ្តើមដំណើរការសន្តិភាពឡើងវិញ ហើយស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមណាមួយដែលអំណោយផលដល់ការការពារជនស៊ីវិល និងបន្ធូរបន្ថយវិបត្តិមនុស្សធម៌។

លោកបន្ដថា ប្រទេសចិន បាននិងកំពុងជំរុញកិច្ចចរចាសន្តិភាពយ៉ាងសកម្ម និងគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះបុព្វហេតុដ៏ត្រឹមត្រូវរបស់ប្រជាជនប៉ាឡេស្ទីនក្នុងការស្ដារឡើងវិញនូវសិទ្ធិជាតិស្របច្បាប់របស់ពួកគេ ដោយបន្ថែមថា ប្រទេសចិនសង្ឃឹមដោយស្មោះថានឹងឃើញការរួមរស់ដោយសន្តិភាពរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។

លោកបន្ថែមថា ចាប់តាំងពីមានការផ្ទុះឡើង នៃជម្លោះជុំថ្មីមក ប្រទេសចិន បាននិងកំពុងធ្វើការទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយភាគីពាក់ព័ន្ធ ហើយបានខិតខំប្រឹងប្រែង ដើម្បីជួយបន្ថយស្ថានការណ៍ និងការពារជនស៊ីវិល៕ ប្រែសម្រួល ឈូក បូរ៉ា

To Top