ព័ត៌មានអន្តរជាតិ

កិច្ចព្រមព្រៀងកម្រិតបុគ្គលិករបស់ IMF អាចផ្តល់ប្រាក់កម្ចី ៩០០ លានដុល្លារដល់អ៊ុយក្រែន

រូបភាពពី៖​ AFP

បរទេស៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃសុក្រ បានប្រកាសកិច្ចព្រមព្រៀងកម្រិតបុគ្គលិកជាមួយអ៊ុយក្រែនស្តីពីគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានធ្វើបច្ចុប្បន្នភាព ដោយបើកផ្លូវសម្រាប់ការបញ្ចេញទឹកប្រាក់ចំនួន ៩០០ លានដុល្លារពីកម្មវិធីផ្តល់ប្រាក់កម្ចីចំនួន ១៥,៦ ពាន់លានដុល្លាររបស់ខ្លួននៅពេលដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកផ្តល់ប្រាក់កម្ចីសកលដ៏ធំគឺ IMF បាននិយាយថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួនត្រូវបានគេរំពឹងថា នឹងពិចារណាលើកិច្ចព្រមព្រៀងនេះនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។

IMF បាននិយាយថា អ៊ុយក្រែនបានបំពេញតាមលក្ខណៈវិនិច្ឆ័យនៃការអនុវត្តបរិមាណទាំងអស់ដែលបានកំណត់សម្រាប់ចុងខែមិថុនា និងទិសដៅចង្អុលបង្ហាញសម្រាប់ចុងខែកញ្ញា ក៏ដូចជាស្តង់ដាររចនាសម្ព័ន្ធភាគច្រើនដែលបានកំណត់ក្រោមកម្មវិធីជំនួយបន្ថែមរបស់ IMF ។

IMF បានបន្តថា សេដ្ឋកិច្ចអ៊ុយក្រែនបានបន្តបង្ហាញ “ភាពធន់គួរឱ្យកត់សម្គាល់” ទោះបីជាមានការឈ្លានពានរបស់រុស្ស៊ីនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ហើយថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចនាពេលថ្មីៗនេះបានចង្អុលបង្ហាញពីការស្ទុះងើបសេដ្ឋកិច្ចខ្លាំងជាងការរំពឹងទុកនៅឆ្នាំ ២០២៣ និងបន្តកំណើននៅឆ្នាំ២០២៤ ។

លោក Gavin Gray មន្ត្រី IMF ដែលដឹកនាំការពិភាក្សាជាមួយមន្ត្រីអ៊ុយក្រែននៅប្រទេសប៉ូឡូញក្នុងសប្តាហ៍នេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការអនុវត្តកម្មវិធីបានដំណើរការយ៉ាងទូលំទូលាយ បើទោះបីជាមានផ្ទៃខាងក្រោយដ៏លំបាកខ្លាំងក៏ដោយ” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top