ព័ត៌មានអន្តរជាតិ

Update៖ ចំនួនពលរដ្ឋអ៊ីស្រាអ៊ែល បានបាត់បង់ជីវិតដោយសារ ការវាយប្រហារ របស់ក្រុមហាម៉ាស់ប្រមាណ១.២០០នាក់

រូបភាពពី៖​ XINHUA

យេរ៉ូសាឡឹម៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា លោក Lior Haiat អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអ៊ែល បានឲ្យដឹងថា ចំនួនអ្នកស្លាប់របស់ជនជាតិអ៊ីស្រាអ៊ែល ពីការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា មកលើសហគមន៍អ៊ីស្រាអ៊ែល ស្ថិតនៅភាគខាងត្បូង និងទីតាំងយោធា ជាប់ព្រំដែនហ្គាហ្សា ត្រូវបានកែសម្រួលចុះពីប្រមាណ១.៤០០នាក់ មកនៅប្រហែល១.២០០នាក់ ។

ប្រភពបានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា ភាគច្រើននៃការស្លាប់របស់អ៊ីស្រាអ៊ែល បានមកពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា ហើយមានតែមួយចំនួនតិចតូចប៉ុណ្ណោះដែលបានមកពីការបាញ់គ្រាប់រ៉ុក្កែត ។

ទិន្នន័យដែលចេញផ្សាយដោយកងកម្លាំងការពារអ៊ីស្រាអ៊ែល កាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញឲ្យដឹងថា ចាប់តាំងពីថ្ងៃទី៧ ខែតុលា គ្រាប់រ៉ុក្កែតប្រមាណ៩.៥០០ត្រូវបានបាញ់ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអ៊ែល ដែលភាគច្រើននៃពួកគេមកពីតំបន់ហ្គាហ្សាស្ទ្រីបដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ ។

កាសែត Times of Israel បានរាយការណ៍ឲ្យដឹងថា ចំនួនអ្នកស្លាប់ទំនងជានឹងបន្តប្រែប្រួលសម្រាប់ពេលណាមួយខាងមុខ ហើយមនុស្សមួយចំនួនក្នុងចំណោមមនុស្សជាង២៤០នាក់ដែលត្រូវបានចាប់ពង្រត់ ត្រូវបានគេគិតថា មិនមានជីវិតរស់រាន នោះទេ ។

លើសពីនេះ ពេលវេលាបានកន្លងផុតទៅ មានរបាយការណ៍ជាបន្តបន្ទាប់អំពីបុគ្គលដែលត្រូវបានគេគិតថា ត្រូវបានចាប់ពង្រត់ ប៉ុន្តែត្រូវបានបញ្ជាក់តាំងពីពេលនោះមក តាមរយៈការធ្វើកោសល្យវិច្ច័យ និងភស្តុតាងផ្សេងទៀតថា បានស្លាប់ហើយ ។

បើយោងតាមទិន្នន័យចុងក្រោយដែលចេញផ្សាយដោយកងទ័ពអ៊ីស្រាអ៊ែល ទាហានអ៊ីស្រាអ៊ែល ចំនួន៣៥៤នាក់បានស្លាប់នៅក្នុងជុំនៃជម្លោះអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់នេះ ។ ពួកគេភាគច្រើនបានស្លាប់នៅក្នុងការប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា ហើយមនុស្សរាប់សិបនាក់បានបាត់បង់ជីវិតចាប់តាំងពីកងទ័ពអ៊ីស្រាអ៊ែល បានចាប់ផ្តើមការវាយលុកដីនៅតំបន់ហ្គាហ្សាស្ទ្រីប ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top