ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Gazprom របស់រុស្ស៊ីថា ប្រទេសមួយចំនួននៅអឺរ៉ុប នៅតែបន្តទិញហ្គាសពីរុស្ស៊ី

រូបភាពពី៖​ AFP

បរទេស៖ លោក Aleksey Miller នាយកប្រតិបត្តិក្រុមហ៊ុន Gazprom បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋ Rossiya-1 ថា បណ្តាប្រទេសនៅសហភាពអឺរ៉ុបមួយចំនួនដែលពីមុនបានទទូចថា ពួកគេនឹងឈប់ទិញឧស្ម័នរុស្ស៊ីទាំងស្រុងនោះ គឺនៅតែទទួលបានប្រេងឥន្ធនៈពីប្រទេសរុស្ស៊ីដដែល។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា នាយកប្រតិបត្តិលោក Aleksey Miller មិនបានផ្តល់ព័ត៌មានលម្អិតណាមួយអំពីបរិមាណឧស្ម័នរុស្ស៊ីដែលប្រជាជាតិសហភាពអឺរ៉ុបកំពុងទទួលបានពីរុស្ស៊ីនោះទេ ដោយនិយាយថា ម៉ូលេគុលឧស្ម័នដែលដំណើរការតាមបំពង់បង្ហូរប្រេង “មិនមានពណ៌ជាតិទេ”។

លោក Miller បាននិយាយថា “ប៉ុន្តែយើងគ្រាន់តែដឹងថាឧស្ម័នរុស្ស៊ីត្រូវបានផ្គត់ផ្គង់ដល់ប្រទេសជាច្រើនដែលបានប្រកាសបដិសេធមិនប្រើប្រាស់វា” ។

នាយកប្រតិបត្តិរូបនេះមិនបានបញ្ចេញឈ្មោះប្រទេសណាក្នុងចំណោម ២៧ ប្រទេសរបស់ប្លុកនេះដែលបន្តទទួលឧស្ម័នធម្មជាតិពីរុស្ស៊ីនោះទេ បើទោះបីជាមានការអះអាងផ្ទុយពីនេះក៏ដោយ ប៉ុន្តែបាននិយាយថា “បច្ចុប្បន្នរុស្ស៊ីកំពុងបញ្ជូនឧស្ម័នធម្មជាតិរបស់ខ្លួនតាមរយៈអ៊ុយក្រែនទៅកាន់មជ្ឈមណ្ឌលអូទ្រីសនៅ Baumgarten” ដែលជាមជ្ឈមណ្ឌលមួយក្នុងចំណោម ធំជាងគេនៅអឺរ៉ុប។

លោក Miller បាននិយាយថា “នេះគឺជាមជ្ឈមណ្ឌលអឺរ៉ុបដ៏ធំមួយដែលផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសផ្សេងទៀតនៅទូទាំងសហភាពអឺរ៉ុប” ។

យោងតាមនាយកប្រតិបត្តិ, ក្រោមកិច្ចសន្យាដែលមានស្រាប់ រុស្ស៊ីបន្តផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសនៅភាគខាងត្បូង និងភាគអាគ្នេយ៍នៃទ្វីបអឺរ៉ុប៕ ប្រែសម្រួលៈ ណៃ តុលា

To Top