បរទេស៖ អ្នកស្រុកនៅក្នុងភូមិតំបន់ភ្នំមួយត្រូវបានស្នើសុំឱ្យចាកចេញជាបណ្ដោះអាសន្នដើម្បីឱ្យប៉ូលីសអាចតាមប្រមាញ់អ្នកទោសដែលរត់គេចខ្លួននោះឈ្មោះ Chaowalit Thongduang ដែលបានរត់គេចខ្លួនបន្ទាប់ពីការបាញ់ប្រហារជាមួយប៉ូលីសកាលពីថ្ងៃពុធនៅក្នុងស្រុក Palian ខេត្ត Trang ប្រទេសថៃ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ការតាមប្រមាញ់ចាប់អ្នកទោសឈ្មោះ Chaowalit ហៅ Sia Pang Nanod នៅជួរភ្នំ Banthad កាន់តែមានសន្ទុះខ្លាំងឡើង ដោយមានអាជ្ញាធរនៅក្នុងស្រុកចំនួនពីរគឺ Manang និង Thungwa ទាំងក្នុងខេត្ត Satun ដែលនៅជិតខាងបង្កើតប៉ុស្តិ៍ត្រួតពិនិត្យដើម្បីត្រួតពិនិត្យប្រជាពលរដ្ឋគ្រប់ទិសទី។
គេជឿថាអ្នកទោស និងអង្គរក្សប្រដាប់អាវុធបានរត់ឆ្ពោះទៅភាគខាងកើតនៃជួរភ្នំ។ ប៉ូលិស និងមន្ត្រីល្បាតព្រៃត្រូវបានកេណ្ឌដើម្បីស្វែងរក។
មន្ត្រីនាយកដ្ឋានបង្ក្រាបបទល្មើស និងមន្ត្រីល្បាតព្រៃកំពុងចុះត្រួតពិនិត្យតំបន់ដែនជម្រកសត្វព្រៃ Banthad ក្នុងខេត្ត Satun ខណៈមន្ត្រីរាប់សិបនាក់មកពីស្នងការដ្ឋាននគរបាលខេត្តតំបន់៩ និងនគរបាលមូលដ្ឋានខេត្ត Trang កំពុងប្រតិបត្តិការក្នុងតំបន់ភ្នំដោយប្រើម៉ូតូ។
លោក ស៊ូ ថុន ប្រជាពលរដ្ឋនៅភូមិបត់ត្រា បាននិយាយថា ប៉ូលិសបានស្នើឲ្យអ្នកស្រុកចាកចេញពីតំបន់នោះរយៈពេលពីរថ្ងៃ ហើយក្រុមគ្រួសាររបស់គាត់បានគោរពតាម ដើម្បីសុវត្ថិភាពរបស់ខ្លួន។ គាត់មិនហ៊ានទៅធ្វើការនៅចម្ការកៅស៊ូទេ ទាល់តែចាប់អ្នករត់គេចខ្លួន៕ ប្រែសម្រួលៈ ណៃ តុលា