ប៉េរ៉ូត៖ មេដឹកនាំក្រុមហេសបូឡាហ៍ លោក Sayyed Hassan Nasrallah បានឲ្យដឹងថា ក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ នឹងបន្តដាក់សម្ពាធលើអ៊ីស្រាអែល ពីភាគខាងត្បូងលីបង់ ដោយធ្វើប្រតិបត្តិការយោធា។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ ដើម្បីរំលឹកដល់ទិវាទុក្ករបុគ្គល ដែលប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ លោក Nasrallah បានលើកឡើងថា ក្រុមហេសបូឡាហ៍ បាននិងកំពុងធ្វើប្រតិបត្តិការយោធាចាប់តាំងពីថ្ងៃទី០៨ ខែតុលា មួយថ្ងៃបន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើអ៊ីស្រាអែលភាគខាងត្បូង ដែលបង្កឱ្យមានការវាយប្រហារសងសឹករបស់អ៊ីស្រាអែល ទោះបីជាមានការគំរាមកំហែងពីអ៊ីស្រាអែលក៏ដោយ ដោយភាគច្រើនបានមកពីយន្តហោះដ្រូន។
លោក Nasrallah បានលើកឡើងថា ក្រុមប្រដាប់អាវុធបានបង្កើនប្រតិបត្តិការប្រឆាំងនឹងអ៊ីស្រាអែល ដោយដាក់ពង្រាយកាំជ្រួច Burkan ចាប់តាំងពីសប្តាហ៍មុន និងបានបញ្ជូនយន្តហោះដ្រូនឈ្លបយកការណ៍ជារៀងរាល់ថ្ងៃ ដែលមួយចំនួនបានទៅដល់ទីក្រុង Haifa របស់អ៊ីស្រាអែល។
លោកក៏បានថ្កោលទោសអាមេរិក ចំពោះការគាំទ្រការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ព្រំដែនលីបង់-អ៊ីស្រាអែល បានឃើញភាពតានតឹងកើនឡើងរយៈពេលប្រាំសប្តាហ៍ បន្ទាប់ពីក្រុមហេសបូឡាហ៍បានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ទៅកាន់កសិដ្ឋាន Shebaa កាលពីថ្ងៃទី០៨ ខែតុលា ដើម្បីគាំទ្រការវាយប្រហាររបស់ពួកហាម៉ាសលើអ៊ីស្រាអែល កាលពីថ្ងៃមុន ដែលជំរុញឱ្យកងកម្លាំងអ៊ីស្រាអែល ឆ្លើយតបដោយការបាញ់កាំភ្លើងធំទៅកាន់តំបន់ជាច្រើនក្នុង ភាគអាគ្នេយ៍លីបង់៕
ប្រែសម្រួល ឈូក បូរ៉ា