បរទេស៖ នាយករដ្ឋមន្រ្តីប្រទេសក្រូអាត លោក Andrej Plenkovic បានប្រកាសថា រដ្ឋមន្ត្រីការពារជាតិក្រូអាត លោក Mario Banozic ត្រូវបានបណ្តេញចេញពីមុខតំណែង បន្ទាប់ពីមានការជាប់ពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីព្រឹកថ្ងៃសៅរ៍នៅជិតទីក្រុង Vinkovci ភាគខាងកើតប្រទេសក្រូអាត ហើយត្រូវបានចោទប្រកាន់ថាជាកំហុសរបស់លោក Banozic ។ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា លោក Mario Banozic បើកបររថយន្តផ្ទាល់ខ្លួន ហើយបានព្យាយាមវ៉ារថយន្តធុនធំមួយគ្រឿងនៅលើផ្លូវសើម និងរអិល ក្នុងស្ថានភាពអ័ព្ទក្រាស់ ហើយក៏បានទៅបុកជាមួយរថយន្តដែលកំពុងធ្វើដំណើរបញ្ច្រាស់ ដែលបើកបរដោយឈ្មោះ Goran Saric អាយុ ៤០ឆ្នាំ បណ្តាលឱ្យស្លាប់ភ្លាមៗ។
លោក Banozic បានរងរបួសធ្ងន់ធ្ងរដល់ខួរក្បាល ទ្រូង និងដៃជើង ហើយត្រូវបានគេរាយការណ៍ថា លោកមិនបានចាំពីគ្រោះថ្នាក់នោះទេ។ បន្ទាប់ពីបានទទួលការព្យាបាលបន្ទាន់នៅមន្ទីរពេទ្យទូទៅ Vinkovci , លោក Banozic ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Osijek Clinical Medical Center ។
នាយករដ្ឋមន្ត្រីក្រូអាត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់អ្នកសារព័ត៌មានថា “យើងសូមចូលរួមរំលែកទុក្ខដល់គ្រួសារ Saric តាមរយៈអភិបាលក្រុង Vinkovac ដែលបានទៅសួរសុខទុក្ខភរិយារបស់លោក Šarić នៅរសៀលថ្ងៃដដែល យើងកំពុងទាក់ទងជាមួយភរិយារបស់រដ្ឋមន្ត្រី Banozic”៕ ប្រែសម្រួលៈ ណៃ តុលា