ព័ត៌មានអន្តរជាតិ

Update: មន្ត្រីជាន់ខ្ពស់មួយរូប ក្នុងជួរប៉ូលិសរបស់ថៃ ច្រានចោលសំណើ សុំឱ្យប៉ូលិសរបស់ចិន ល្បាតក្នុងប្រទេសថៃ

រូបភាពពី៖​ The Nation

បរទេស៖ មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់បានច្រានចោលលទ្ធភាពដែលប៉ូលិសរបស់ចិន ដើរល្បាតទីក្រុងទេសចរណ៍សំខាន់ៗក្នុងប្រទេសថៃ ដើម្បីបង្កើនទំនុកចិត្តរបស់អ្នកធ្វើដំណើរចិន។

យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់កាសែត The Nation កាលពីថ្ងៃចន្ទថា សំណើដែលលើកឡើងដោយប្រធានផ្នែកទេសចរណ៍ថៃ (TAT) លោក Thapanee Kiatphaibool គឺមិនអាចអនុវត្តបានទេ ដោយសារការរឹតបន្តឹងនៃច្បាប់សន្តិសុខថៃ។

មន្រ្តីរូបនោះថា “ខ្ញុំជឿថាគម្រោងនេះមិនអាចធ្វើទៅរួចទេ ព្រោះច្បាប់ថៃមិនអនុញ្ញាតឱ្យមន្ត្រីបរទេសចូលរួមប្រតិបត្តិការរបស់ប៉ូលីសថៃ។ ប្រភព​បាន​បន្ថែម​ថា វា​នឹង​បំពាន​ច្បាប់​យ៉ាង​ច្បាស់។

ប្រធាន TAT បាន​លើក​ឡើង​ពី​គំនិត​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃលោក សេដ្ឋា ថាវីស៊ីន កាល​ពី​ថ្ងៃ​អាទិត្យ។ នាយករដ្ឋមន្ត្រីបានកោះហៅលោកស្រី រួមជាមួយនឹងតំណាងការិយាល័យនគរបាលទេសចរណ៍ និងការិយាល័យស៊ើបអង្កេតកណ្តាល ដើម្បីពិភាក្សាអំពីវិធីជំរុញការមកដល់របស់ភ្ញៀវចិន និងប្រឆាំងព័ត៌មានក្លែងក្លាយដែលកំពុងធ្វើជុំវិញ៕ ប្រែសម្រួលៈ ណៃ តុលា

To Top