ព័ត៌មានអន្តរជាតិ

មេដឹកនាំអាមេរិក និងចិន ​ព្រមព្រៀងគ្នាលើការបើកបណ្តាញរវាងយោធា និងយោធាឡើងវិញ

រូបភាពពី៖​ XINHUA

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង ត្រូវបានគេរំពឹងថា នឹងយល់ព្រមលើការបើកឡើងវិញផ្នែកនៃបណ្តាញទំនាក់ទំនងយោធាទៅយោធាក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅចុងសប្តាហ៍នេះ នេះបើតាមប្រភពជិតស្និទ្ធនឹងទំនាក់ទំនងរបស់ប្រទេសទាំងពីរ។

យោងតាមប្រភពបានឱ្យដឹងថា លោក បៃដិន គ្រោងនឹងស្នើសុំការផ្លាស់ប្តូរនេះ ហើយលោក ស៊ី ត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយក ដោយហេតុថា មន្ត្រីយោធាជាន់ខ្ពស់របស់ចិន ក៏បានគាំទ្រគំនិតនេះផងដែរ ដែលជាផ្នែកនៃជំហាន ដើម្បីចៀសវាងការគណនាខុស និងកាត់បន្ថយហានិភ័យនៃការប៉ះទង្គិចគ្នាដោយអចេតនា។

លោក បៃដិន និងលោក ស៊ី គ្រោងនឹងបើកកិច្ចប្រជុំទល់មុខគ្នាជាលើកដំបូងរបស់ពួកគេក្នុងរយៈពេលមួយឆ្នាំនៅថ្ងៃពុធ នៅពេលដែលពួកគេស្ថិតនៅក្នុងទីក្រុង San Francisco សម្រាប់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំនេះ។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក បៃដិន បានឲ្យដឹងថា ប្រធានបទស្ទើរតែទាំងអស់ត្រូវបានគេចាត់ទុកថា មានសារៈសំខាន់ សម្រាប់ទំនាក់ទំនងទ្វេភាគី ដែលភាគច្រើនមានភាពចម្រូងចម្រាស ពីទំនាក់ទំនងដ៏ស៊ីជម្រៅរបស់តៃវ៉ាន់ និងចិនជាមួយរុស្ស៊ី ចំពោះការរឹតបន្តឹងពាណិជ្ជកម្ម នឹងត្រូវបានពិភាក្សាដោយមេដឹកនាំទាំងពីរ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ ប្រភពបានឲ្យដឹងថា ក្នុងចំណោមបញ្ហាជាច្រើនទៀត លោក បៃដិន និងលោក ស៊ី ប្រហែលជាយល់ព្រមក្នុងការរឹតបន្តឹងការប្រើប្រាស់យោធានៃបញ្ញាសិប្បនិម្មិត ដែលមិនពាក់ព័ន្ធនឹងការត្រួតពិនិត្យរបស់មនុស្ស។

មានការព្រួយបារម្ភថា បើគ្មានការរឹតត្បិតជាក់លាក់នោះទេ ការប្រើប្រាស់បច្ចេកវិទ្យា ដែលកំពុងលេចចេញអាចបង្កជាជម្លោះរវាងសហរដ្ឋអាមេរិក និងចិន ដោយស្វ័យប្រវត្តិ ឬដោយចៃដន្យ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

កាលពីថ្ងៃច័ន្ទ ជំនួយការសន្តិសុខកំពូលរបស់លោក បៃដិន គឺលោក Jake Sullivan ក៏បានបង្ហាញពីក្តីសង្ឃឹម សម្រាប់វឌ្ឍនភាពឆ្ពោះទៅរកការចាប់ផ្តើមបណ្តាញទំនាក់ទំនងឡើងវិញជាមួយប្រទេសចិន នៅពេលដែលប្រធានាធិបតីទាំងពីរអង្គុយជាមួយគ្នា។

លោក Sullivan បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងវ៉ាស៊ីនតោនថា “មានផ្នែកផងដែរ ដែលយើងអាចគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពជាឧទាហរណ៍ តាមរយៈការបង្កើតទំនាក់ទំនងយោធាទៅយោធាឡើងវិញ”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top