វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ បានព្រមព្រៀងគ្នាកាលពីថ្ងៃចន្ទ ដើម្បីលើកកំពស់ទំនាក់ទំនងរបស់ប្រទេសទាំងពីរទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” នៅក្នុងកិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងវ៉ាស៊ីនតោន នៅពេលដែលឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក កំពុងកើនឡើង។
លោក បៃដិន បានឲ្យដឹងថា ភាពជាដៃគូកម្រិតខ្ពស់បំផុត គឺជា “សករាជថ្មី” នៅក្នុងទំនាក់ទំនងរវាងប្រទេសរបស់លោក និងឥណ្ឌូនេស៊ី ដែលជាសមាជិកឈានមុខគេនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយប្រទេសចិន នៅដើមដំបូងនៃកិច្ចពិភាក្សារបស់ពួកគេ។
លោក បៃដិន បានលើកឡើងថា ភាពជាដៃគូនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ កសាងខ្សែសង្វាក់ផ្គត់ផ្គង់ធន់ និងជំរុញការផ្លាស់ប្តូរទៅជាថាមពលស្អាត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ជាការឆ្លើយតប ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលត្រូវបានគេស្គាល់ថា ចូកូវី បានលើកឡើងថា “សម្រាប់ប្រទេសឥណ្ឌូនេស៊ី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាអាទិភាព រួមទាំងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ” ដោយបន្ថែមថា ប្រទេសរបស់លោកក៏សង្ឃឹមថាភាពជាដៃគូថ្មីរួមចំណែកដល់សន្តិភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
លោកបានបន្ដថា “ដូច្នេះឥណ្ឌូណេស៊ីអំពាវនាវដល់សហរដ្ឋអាមេរិកឱ្យធ្វើបន្ថែមទៀត ដើម្បីបញ្ឈប់អំពើឃោរឃៅនៅហ្គាហ្សា។ បទឈប់បាញ់គឺជាកត្តាចាំបាច់សម្រាប់មនុស្សជាតិ”។
ឥណ្ឌូណេស៊ី ដែលមានប្រជាជនមូស្លីមច្រើនជាងគេលើពិភពលោក មិនមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល និងបានគាំទ្របុព្វហេតុប៉ាឡេស្ទីនជាយូរមកហើយ។ ខ្លួនបានថ្កោលទោសការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនកាលពីខែមុនដោយក្រុមសកម្មប្រយុទ្ធហាម៉ាស៕ ប្រែសម្រួល ឈូក បូរ៉ា