ហ្គាហ្សា៖ កងពលតូច Al-Qassam ដែលជាស្លាបយោធានៃក្រុមហាម៉ាស បានឲ្យដឹងថា ខ្លួនបានជូនដំណឹងដល់អ្នកសម្រុះសម្រួលអំពីការត្រៀមខ្លួនរបស់ខ្លួនក្នុងការដោះលែងចំណាប់ខ្មាំងស្ត្រី និងកុមារចំនួន ៥០ នាក់ដែលត្រូវបានឃុំខ្លួននៅហ្គាហ្សា ជាថ្នូរនឹងបទឈប់បាញ់រយៈពេល ៥ថ្ងៃ។
លោក Abu Ubaida អ្នកនាំពាក្យរបស់ Al-Qassam Brigades បានឲ្យដឹងនៅក្នុងសារមួយនៅលើបណ្តាញ Telegram របស់ខ្លួនថា “អ្នកសម្រុះសម្រួលកាតាបានខិតខំប្រឹងប្រែង ដើម្បីដោះលែងអ្នកជាប់ឃុំអ៊ីស្រាអែល ជាថ្នូរនឹងការដោះលែងកុមារប៉ាឡេស្ទីន ២០០នាក់ និងស្ត្រី ៧៥ នាក់” ។
លោកបានសង្កត់ធ្ងន់ថា បទឈប់បាញ់ត្រូវធានាឱ្យមានការបញ្ឈប់អរិភាព និងអនុញ្ញាតឱ្យមានជំនួយចូលមកដល់ប្រជាជនក្នុងតំបន់ជុំវិញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានសង្កត់ធ្ងន់ថា ការបន្តការឈ្លានពានលើដី កងទ័ពជើងទឹក និងការឈ្លានពានតាមអាកាសរបស់អ៊ីស្រាអែល គំរាមកំហែងដល់អាយុជីវិតអ្នកជាប់ឃុំ ដែលកាន់កាប់ដោយពួកគេ និងដោយក្រុមបក្សពួកប៉ាឡេស្ទីន ប្រដាប់អាវុធផ្សេងទៀតនៅក្នុងតំបន់ហ្គាហ្សា។
ប្រតិបត្តិការយោធាអ៊ីស្រាអែលបានធ្វើឡើងជាការសងសឹក ចំពោះការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសកាលពីថ្ងៃទី០៧ ខែតុលា ដែលក្នុងនោះមនុស្សប្រហែល ១២០០ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល និងចំណាប់ខ្មាំងប្រហែល ២៤០នាក់ត្រូវបានចាប់ខ្លួន នេះបើយោងតាមតួលេខរបស់អ៊ីស្រាអែល៕
ប្រែសម្រួល ឈូក បូរ៉ា