ព័ត៌មានអន្តរជាតិ

Update៖ EU ផ្តល់ជំនួយដល់អ៊ុយក្រែន កើនឡើងដល់ជាង២៧ពាន់លានអឺរ៉ូ

រូបភាពពី៖​ AFP

គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០៣ថា ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានរាយការណ៍កាលពីថ្ងៃចន្ទថា ជំនួយយោធារបស់សហភាពអឺរ៉ុប ហៅកាត់ថា (EU) សម្រាប់អ៊ុយក្រែនបានឈានដល់ ២៧ពាន់លានអឺរ៉ូ ស្មើនឹងប្រហែល២៨,៨ពាន់លានដុល្លារសហរដ្ឋអាមេរិក ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ ។ ដោយនេះជាការដកស្រង់សម្តីរបស់បុគ្គលកំពូលរបស់ប្លុកនេះ ។

លោក Josep Borrell តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានលើកឡើងថា ការផ្គត់ផ្គង់សព្វាវុធរបស់សហភាពអឺរ៉ុបដល់ប្រទេសអ៊ុយក្រែន បានឈានដល់ទឹកប្រាក់ចំនួន២៧ពាន់លានអឺរ៉ូ ដែលជាតួលេខខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់សហភាពអឺរ៉ុប ។

ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរវាង រុស្ស៊ី និងអ៊ុយក្រែន មក សហភាពអឺរ៉ុប និងប្រទេសជាសមាជិកបានផ្តល់ប្រាក់ប្រហែល៨៩ពាន់លានដុល្លារជាជំនួយផ្នែកហិរញ្ញវត្ថុ យោធា មនុស្សធម៌ និងជំនួយជនភៀសខ្លួនសម្រាប់អ៊ុយក្រែន ហើយ ជំនួយយោធាទាំងនោះរួមមាន គ្រាប់រំសេវ ប្រព័ន្ធការពារអាកាស រថពាសដែក និងអាវុធ និងឧបករណ៍ផ្សេងៗទៀត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top