បរទេស ៖ មន្ត្រីសន្តិសុខកំពូល របស់កោះតៃវ៉ាន់ បានអះអាងថា ប្រធានាធិបតីចិនលោក Xi Jinping នឹង មិនមានយោធា ដើម្បីបើកការឈ្លានពាន ដោយជោគជ័យលើកោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ មានន័យថាកោះ ដែលគ្រប់គ្រង ដោយខ្លួនឯង មានពេលវេលា បន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាព ការពាររបស់ខ្លួន។
យោងតាមការចេញផ្សាយ របស់ RT ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ នៃកោះតៃវ៉ាន់ លោក Wellington Koo បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារនៅទីក្រុងតៃប៉ិថា ៖ ខ្ញុំមិនគិតថាវានឹងកើតឡើង ក្នុងពេលដ៏ខ្លីខាងមុខ ឬយ៉ាងហោចណាស់ក្នុង រយៈពេលមួយទៅពីរឆ្នាំហើយ ប្រសិនបើចិនត្រូវអនុវត្តប្រតិបត្តិការ ដើម្បីយកតៃវ៉ាន់ ខ្ញុំមិនគិតថាវានឹងអាចទៅ រួចយ៉ាងហោចណាស់ នៅក្នុងឆ្នាំ២០២៧។
ការអត្ថាធិប្បាយរបស់លោក Koo បានធ្វើឡើងដើម្បីគាំទ្រទៅលើការ វាយតម្លៃកាលពីឆ្នាំមុនដោយឧត្តមសេនីយ កងទ័ពអាមេរិកលោក Mark Milley ដែលពេលនោះជាប្រធាន អគ្គសេនាធិការចម្រុះ ដែលបាននិយាយថា ទីក្រុងប៉េកាំងនឹងមិនត្រៀមខ្លួន ជាស្រេចក្នុងការបង្រួបបង្រួមដោយបង្ខំ ជាមួយនឹងកោះតៃវ៉ាន់ភ្លាមៗ ក្នុងពេលនេះនោះទេ ។
លោក Milley បានអះអាងទៀតថា កងទ័ពរំដោះ ប្រជាជនចិនឬPLAមិនមាន បទពិសោធន៍ឬ ផ្ទៃខាងក្រោយគ្រប់គ្រាន់ ដើម្បីឈ្លានពានកោះ ដែលគ្រប់គ្រងដោយខ្លួនឯងដោយជោគជ័យ និងមិនទាន់បានហ្វឹកហាត់សម្រាប់ប្រតិបត្តិការ បែបនេះនៅឡើយទេខណៈដែលកាលពីគ្រានោះលោក Xi ក៏ធ្លាប់បានបង្ហើបចង់ឱ្យ PLA ត្រៀមខ្លួនដើម្បីឈ្លានពានតៃវ៉ាន់នៅឆ្នាំ ២០២៧ ៕
ប្រែសម្រួល៖ស៊ុនលី