តូក្យូ៖ ប្រមុខគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយការគំរាមកំហែងដោយកាំជ្រួចរបស់កូរ៉េខាងជើង និងក្នុងការធានាសន្តិសុខសេដ្ឋកិច្ច ខណៈដែលពួកគេស្វែងរកការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ធន់ សម្រាប់ធាតុសំខាន់ៗ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Park Jin ក៏បានពិភាក្សាគ្នាអំពីបញ្ហាពាក់ព័ន្ធនឹងប្រទេសចិន ខណៈចែករំលែកទស្សនៈថា ការប៉ុនប៉ង ជាឯកតោភាគីក្នុងការផ្លាស់ប្តូរស្ថានភាពដោយបង្ខំ គឺមិនអាចទទួលយកបានឡើយ។
ក្នុងអំឡុងពេលកិច្ចប្រជុំត្រីភាគីដែលធ្វើឡើងនៅគែមនៃកិច្ចប្រជុំ APEC នៅសាន់ហ្វ្រាន់ស៊ីស្កូ អ្នកការទូតកំពូលបានយល់ព្រមលើតម្រូវការក្នុងការចែករំលែកព័ត៌មាន និងតាមដានការវិវឌ្ឍន៍ទាក់ទងនឹងការផ្គត់ផ្គង់អាវុធរបស់កូរ៉េខាងជើង ដល់ប្រទេសរុស្ស៊ី ដែលបន្តធ្វើសង្រ្គាមនៅអ៊ុយក្រែន។
មន្ត្រីជប៉ុនម្នាក់បានឲ្យដឹងថា លោក Blinken បានប៉ះលើកិច្ចប្រជុំកំពូលនាពេលខាងមុខរវាងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីចិនលោក ចូ បៃដិន ដែលកំពុងចូលរួមកិច្ចប្រជុំមេដឹកនាំនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។
លោកស្រី Kamikawa បាននិយាយនៅក្នុងកិច្ចប្រជុំថា “ការសម្របសម្រួលត្រីភាគីជាយុទ្ធសាស្ត្រគឺចាំបាច់កាន់តែខ្លាំងឡើង។ យើងនឹងធ្វើការរួមគ្នាដើម្បីរក្សា និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដោយសេរី និងបើកចំហដោយផ្អែកលើនីតិរដ្ឋ”។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាស៊ីជិតស្និទ្ធរបស់ខ្លួនបានចែករំលែកការព្រួយបារម្ភអំពីការអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង និងអាកប្បកិរិយាអះអាងរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រទេសប្រជាធិបតេយ្យចង់រក្សាស្ថានភាពដដែល៕ ប្រែសម្រួល ឈូក បូរ៉ា