ព័ត៌មានអន្តរជាតិ

ប្រធានហិរញ្ញវត្ថុ APEC យល់ស្របលើតម្រូវការកំណត់ផលប៉ះពាល់ នៃសង្គ្រាមអ៊ីស្រាអែល និងហាម៉ាស

រូបភាពពី៖​ kyodo

តូក្យូ៖ ប្រមុខហិរញ្ញវត្ថុនៃប្រទេសអាស៊ីប៉ាស៊ីហ្វិក យល់ស្របថា ពួកគេគួរតែធ្វើអស់ពីសមត្ថភាព ដើម្បីទប់ស្កាត់ហានិភ័យធ្លាក់ចុះពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស នេះបើតាមរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen​។

នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីការបញ្ចប់នៃកិច្ចប្រជុំរយៈពេលពីរថ្ងៃនៃរដ្ឋមន្ត្រីហិរញ្ញវត្ថុនៅសាន់ហ្វ្រាន់ស៊ីស្កូ លោកស្រី Yellen បានឲ្យដឹងថា ខណៈពេលដែលផលប៉ះពាល់សេដ្ឋកិច្ចពិភពលោកពីជម្លោះមានកម្រិតមកទល់ពេលនេះ ពួកគេជឿថា វាជារឿងសំខាន់ដែលសង្រ្គាមមិនកើនឡើង។

លោកស្រីបានលើកឡើងថា “ខ្ញុំជឿថាមានទស្សនៈរួមគ្នាយ៉ាងមុតមាំថា វាជារឿងសំខាន់ សម្រាប់យើងទាំងអស់គ្នាក្នុងការធ្វើអ្វីគ្រប់យ៉ាង ដែលយើងអាចធ្វើបាន ដើម្បីទប់ស្កាត់ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីកុំឱ្យវាក្លាយជាជម្លោះក្នុងតំបន់កាន់តែទូលំទូលាយ”។

លោកស្រី Yellen ដែល​ជា​ប្រធាន​នៃ​ការ​ប្រមូល​ផ្តុំ​សមាជិក​ទាំង ២១ នៃ​វេទិកា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ​បាន​ថ្លែង​ថា​ “​ប្រសិន​បើ​វា​អាច​បង្ក​ហានិភ័យ​ដល់​ទស្សនវិស័យ​ពិភពលោក​ដែល​យើង​ទាំងអស់​គ្នា​នឹង​មាន​ការ​ព្រួយ​បារម្ភ”។

កិច្ចប្រជុំនេះបានធ្វើឡើងមុនកិច្ចប្រជុំកំពូលរបស់មេដឹកនាំ APEC នៅចុងសប្តាហ៍នេះ ជាពេលដែលឈានដល់ការឯកភាពគ្នាក្នុងចំណោមក្រុមចម្រុះលើបញ្ហាជាច្រើនទាក់ទងនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគហាក់ដូចជាពិបាក។ ជាមួយនឹងរុស្ស៊ី និងចិន នៅក្នុងក្រុម ការបែកបាក់គ្នាយ៉ាងស៊ីជម្រៅត្រូវបានបង្ហាញឱ្យឃើញចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២។

លោកស្រី បន្ដថា រដ្ឋមន្ត្រីហិរញ្ញវត្ថុសម្រេចបាននូវវឌ្ឍនភាពលើបញ្ហាសំខាន់ៗ រួមទាំងការគ្រប់គ្រងទ្រព្យសកម្មឌីជីថល និងហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ដើម្បីគាំទ្រដល់កំណើនក្នុងតំបន់ ដោយបន្ថែមថាពួកគេបានយល់ព្រមអនុម័តគោលនយោបាយ ដែលមានគោលបំណងពង្រីកសមត្ថភាពទិន្នផលសេដ្ឋកិច្ច៕ ប្រែសម្រួល ឈូក បូរ៉ា

To Top