ហ្គាហ្សា៖ ប្រភពប៉ាឡេស្ទីន ដែលមានព័ត៌មានមួយបានឲ្យដឹងថា ប្រតិភូអ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងដំបូង ដើម្បីអនុវត្តបទឈប់បាញ់មនុស្សធម៌បណ្តោះអាសន្នក្រោមការឧបត្ថម្ភអន្តរជាតិ និងអារ៉ាប់។
ប្រភពដែលបានស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់កាសែតស៊ិនហួថា ប្រតិភូត្រូវរាយការណ៍ទៅអាជ្ញាធរជាន់ខ្ពស់ទាំងសងខាង សម្រាប់ការយល់ព្រម ហើយកិច្ចព្រមព្រៀងអាចត្រូវបាន “អនុវត្តនៅពេលណាមួយ” ។
ប្រភពបានបដិសេធមិននិយាយអំពីព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនោះទេ ប៉ុន្តែបានឲ្យដឹងថា “វានឹងត្រូវបានអនុវត្តជាដំណាក់កាល” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបន្ថែមថា បទឈប់បាញ់មនុស្សធម៌ ត្រូវបានគេរំពឹងថា នឹងប្រកាសក្នុងពេលឆាប់ៗនេះ ដែលចំណាប់ខ្មាំងជនស៊ីវិលដែលកាន់កាប់ដោយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប នឹងត្រូវបានដោះលែងជាថ្នូរនឹងការដោះលែងស្ត្រី និងកុមារ ដែលត្រូវបានចាប់ខ្លួនដោយអ៊ីស្រាអែល៕ ប្រែសម្រួល ឈូក បូរ៉ា