បរទេស៖ កងពលតូចអ៊ីស្រាអែលបានបន្សាបចំណុចតស៊ូរបស់ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាក្នុងរយៈពេលតិចជាង ១០ នាទីដោយអរគុណចំពោះព័ត៌មាន “លឿនបំផុត” ពីក្រុមស៊ើបការណ៍បញ្ជូនបន្ត។យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) នៅថ្ងៃទី១៣ ខែវិច្ឆិកាបានប្រកាសព័ត៌មានអំពីយុទ្ធនាការវាយប្រហារកងកម្លាំងហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីបដែលធ្វើឡើងដោយកងពលតូចហ្គោឡានី ដែលក្នុងនោះខ្មាន់កាំភ្លើងជាសត្រូវចំនួន ៧ នាក់ត្រូវបានកម្ចាត់ “ក្នុងរយៈពេលប្រហែល ១០ នាទីប៉ុណ្ណោះ” ។
យុទ្ធនាការនេះត្រូវបានធ្វើឡើងដោយមានការគាំទ្រពីមជ្ឈមណ្ឌលសម្រាប់ការធ្វើសមយុទ្ធ និងប្រតិបត្តិការការពារជាតិ (CDOM) ក្រោមការដឹកនាំស៊ើបការណ៍យោធាអ៊ីស្រាអែល។ CDOM គឺជាអង្គភាពមួយដែលមានភារកិច្ចក្នុងការប្រមូល ដំណើរការ និងផ្តល់ព័ត៌មានស៊ើបការណ៍សម្ងាត់ដល់កងពលតូចនៅជួរមុខ ដើម្បីជួយពួកគេក្នុងការប្រយុទ្ធយ៉ាងឆាប់រហ័ស មានប្រសិទ្ធភាព និងត្រឹមត្រូវ។
CDOM នឹងសម្របសម្រួលក្រុមចារកម្មឆ្ពោះទៅមុខសម្រាប់ទីស្នាក់ការកណ្តាលរបស់កងពលតូចអ៊ីស្រាអែលនីមួយៗ រួមទាំងអ្នកឃ្លាំមើលសញ្ញា មន្រ្តីស៊ើបការណ៍សម្ងាត់តាមអ៊ីនធឺណិត អ្នកវិភាគ និងអ្នកស្រាវជ្រាវ។
IDF បាននិយាយថា ក្នុងអំឡុងពេល នៃការវាយលុករបស់កងពលតូច ហ្គូឡានី ក្រុមចារកម្មឆ្ពោះទៅមុខនេះបានស្ទាក់ចាប់ការហៅទូរស័ព្ទពីអង្គភាព ហាម៉ាស ជាក់ស្តែងដោយប្រើកម្មវិធីចារកម្ម Spyware ។ កម្មវិធីនេះអាចត្រូវបានដំឡើងពីចម្ងាយនៅលើទូរសព្ទរបស់សមាជិកក្រុមហាម៉ាស ដែលមានមុខងារអានសារ លួចស្តាប់ពេលហៅទូរសព្ទ ប្រមូលពាក្យសម្ងាត់ និងកំណត់ទីតាំងអ្នកប្រើប្រាស់៕ ប្រែសម្រួលៈ ណៃ តុលា