ព័ត៌មានអន្តរជាតិ

ទីក្រុងប៉េកាំងឆ្លើយតបទៅ នឹងការអះអាងរបស់លោក Biden ជុំវិញអ្វីដែលហៅថា ចិនមាន “បញ្ហា”

រូបភាពពី៖​ XINHUA

បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ ណីង បាននិយាយនៅថ្ងៃពុធថា ប្រទេសនីមួយៗមានបញ្ហារបស់ខ្លួន ហើយប្រធានាធិបតីអាមេរិកលោក Joe Biden នឹងធ្វើបានល្អជាងនេះ ដើម្បីផ្តោតលើប្រទេសរបស់ខ្លួន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រី ម៉ៅ ណីង បានឆ្លើយតបទៅនឹងរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចដែលថា លោក Biden បានរិះគន់ការដឹកនាំរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដោយអះអាងថាប្រទេសចិនមាន “បញ្ហាពិតប្រាកដ” ជាមួយលោក ស៊ី នៅក្នុងតំណែង។ មេដឹកនាំទាំងពីរចិន​អាមេរិក គ្រោងនឹងជួបពិភាក្សាគ្នានៅសប្តាហ៍នេះនៅខាងក្រៅកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលរៀបចំដោយសហរដ្ឋអាមេរិក។

ថ្លែងនៅឯកម្មវិធីរៃអង្គាសថវិកាមួយកាលពីថ្ងៃអង្គារ លោក Biden បាននិយាយថា “ប្រធានាធិបតី ស៊ី គឺជាឧទាហរណ៍មួយផ្សេងទៀតនៃរបៀបដែលការបង្កើតភាពជាអ្នកដឹកនាំរបស់អាមេរិកឡើងវិញនៅក្នុងពិភពលោកកំពុងកាន់កាប់” ដូចដែលបានដកស្រង់ដោយសារព័ត៌មាន AFP លោកមិន​បាន​ពន្យល់​ថា​បញ្ហា​ណា​ដែល​លោកបាននិយាយ គឺសំដៅ​ទៅ​លើ​អ្វីនោះ​ទេ។

នៅពេលសួរអំពីរបាយការណ៍នេះ ក្នុងសន្និសីទសារព័ត៌មាន លោកស្រីម៉ៅបាននិយាយថា ប្រទេសចិនទទួលបានផលប្រយោជន៍ពីការរួបរួមជាតិក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត។ លោកស្រីបានបន្ថែមថា សង្ឃឹមថាសហរដ្ឋអាមេរិកអាចរីកចម្រើនខ្លាំងក្នុងការដោះស្រាយបញ្ហាផ្ទាល់ខ្លួន និងធ្វើឱ្យជីវិតរបស់ប្រជាជនអាមេរិកកាន់តែប្រសើរឡើង៕ ប្រែសម្រួលៈ ណៃ តុលា

To Top