បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ចៅក្រមបារាំងបានចេញដីកាចាប់ខ្លួនមួយដែលប្រឆាំងនឹងប្រធានាធិបតីស៊ីរី លោក Bashar Assad និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតក្នុងរដ្ឋាភិបាលរបស់គាត់ លើបទឧក្រិដ្ឋកម្មសង្រ្គាម ដែលផ្តើមចេញពីការចោទប្រកាន់ថា បានវាយប្រហារដោយអាវុធគីមីកាលពីខែសីហា ឆ្នាំ ២០១៣។
ដីកានេះបានចោទប្រកាន់លោក Assad ព្រមទាំងប្អូនប្រុសរបស់គាត់លោក Maher Assad និងឧត្តមសេនីយជនជាតិស៊ីរីពីរនាក់ទៀត ពីបទសមគំនិតក្នុងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិចំពោះតួនាទីដែលគេចោទប្រកាន់ក្នុងការវាយប្រហារដែលបានសម្លាប់ជនស៊ីវិលជាង១០០០នាក់នៅក្នុងតំបន់ដែលកាន់កាប់ដោយក្រុមឧទ្ទាម Douma និង Eastern Ghouta ក្នុងអំឡុងពេលសង្គ្រាមស៊ីវិលបង្ហូរឈាម។
របាយការណ៍ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃពុធបានដកស្រង់ប្រភពតុលាការដែលមិនបង្ហាញអត្តសញ្ញាណ។តុលាការបារាំងបាននឹងកំពុងស៊ើបអង្កេតការវាយប្រហារកាលពីឆ្នាំ២០១៣នេះចាប់តាំងពីឆ្នាំ២០២១មកម្ល៉េះ ហើយដីការបស់ខ្លួនបានបង្ហាញពីការចោទប្រកាន់អន្តរជាតិជាលើកដំបូងលើឧប្បត្តិហេតុនេះ។
រំលឹកដែរថារបបរបស់លោក Assad បានជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិល ជាមួយពួកបះបោរដែលគាំទ្រដោយសហរដ្ឋអាមេរិក និងរដ្ឋាភិបាលបរទេសផ្សេងទៀតចាប់តាំងពីឆ្នាំ២០១១។ រដ្ឋាភិបាលបានគ្រប់គ្រងឡើងវិញ នូវតំបន់ដែលកាន់កាប់ដោយក្រុមឧទ្ទាមភាគច្រើន ដោយសារជំនួយភាគច្រើនពីកងកម្លាំងរុស្ស៊ី និងអ៊ីរ៉ង់ ហើយទាហានអាមេរិកបានកាន់កាប់ដោយខុសច្បាប់នូវតំបន់សម្បូរប្រេងនៅភាគឦសានប្រទេសស៊ីរីតាំងពីឆ្នាំ២០១៤មក៕ ប្រែសម្រួល៖ស៊ុនលី