កាលពីមួយឆ្នាំមុន ប្រមុខរដ្ឋចិននិងអាមេរិក បានធ្វើកិច្ចជំនួបនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ។ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិននិងលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានឯកភាពគ្នាថា ក្រុមការងារផ្នែកការទូតទ្វេភាគី នឹងរក្សាការប្រាស្រ័យ ទាក់ទងជាយុទ្ធសាស្ត្រ ពោលគឺធ្វើការពិគ្រោះពិភាក្សា ជាមួយគ្នាឱ្យបានញឹកញាប់ ។ ចំណែកក្រុមការងារផ្នែកហិរញ្ញវត្ថុ ធ្វើកិច្ចសន្ទនានិងកិច្ចសម្របសម្រួល លើបញ្ហាស្តីពីគោលនយោបាយម៉ាក្រូ សេដ្ឋកិច្ចនិងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាដើម ។ ភាគីទាំងពីរដ៏បានរំលេចពីសារៈសំខាន់ នៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដោយលើកទឹកចិត្តឱ្យប្រទេសទាំងពីរ ពង្រីកការផ្លាស់ប្តូររវាងប្រជាជន ក្នុងគ្រប់វិស័យ ។
ប៉ុន្តែពិតមែនតែមានគំនិតឯកភាពរួម តែការអនុវត្ត មិនមែនជារឿងងាយស្រួលទេ ពិសេសនិយាយចំពោះប្រទេសចិននិងអាមេរិកដែលមានប្រពៃណី ទំនៀមទម្លាប់ ទស្សនៈ និងបែបផែន នៃការធ្វើការខុសគ្នា ដូច្នេះ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរនៅតែមានរឿង រកាំរកូសមួយចំនួន ដែលចៀសមិនបាន ។ ថ្នាក់ដឹកនាំចិនតែងលើកឡើងថា «ទំនាក់ទំនងរវាងចិន និងអាមេរិកមានផលប្រយោជន៍ច្រើន ដាច់ពីការខ្វែងគំនិត យើងមានមួយពាន់ហេតុផល សម្រាប់រក្សាទំនាក់ទំនងល្អជាមួយគ្នា តែគ្មានហេតុផលណាមួយ មកបង្កជម្លោះជាមួយគ្នានោះឡើយ » ។
ដោយសារមើលឃើញពីសារៈសំខាន់ខ្លាំងនៃទំនាក់ទំនងរវាងមហាប្រទេសទាំងពីរ និងរំពឹងឆ្លងតាមរយៈកិច្ចសហប្រតិបត្តិការដើម្បីរក្សាស្ថិរភាព និងសន្តិភាពក្នុងតំបន់និងពិភពលោក ក៏ដូចជារួមគ្នាដោះស្រាយបញ្ហាប្រឈម សកលដូចជាវិបត្តិសេដ្ឋកិច្ច និងបម្រែបម្រួល អាកាសធាតុជាដើម ពិសេសគឺការដើរតួនាទី ជាប្រទេសធំ ដែលមានទំនួលខុសត្រូវ អាស្រ័យហេតុនេះ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន បានធ្វើដំណើរទៅកាន់ ក្រុង សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិកនៅថ្ងៃទៅ ១៤ ខែវិច្ឆិកានេះ ដើម្បីធ្វើកិច្ចជំនួបកំពូល ជាមួយលោក បៃដិន ប្រធានាធិបតីអាមេរិក តាមការអញ្ជើញ របស់ភាគីអាមេរិក ព្រមទាំងចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី ៣០ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។
នៅថ្ងៃទី ១៥ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ កិច្ចជំនួបរវាងប្រមុខរដ្ឋចិន និងអាមេរិកបានធ្វើឡើងតាមការគ្រោងទុក ។ តើកិច្ចជំនួបនេះបានបញ្ចេញ សញ្ញាអ្វីខ្លះទៅកាន់ពិភពលោក ?
ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា បញ្ហាតៃវ៉ាន់ជាបញ្ហាដ៏រសើបបំផុត ក្នុងទំនាក់ទំនងរវាងចិន និងអាមេរិក ដូច្នេះក្នុងកិច្ចជំនួបលើកនេះ លោក ស៊ី ជីនភីង បានគូសបញ្ជាក់ថា ប្រទេសចិននឹងសម្រេចការបង្រួបបង្រួមជាតិ ហើយមុខជានឹងសម្រេច បានជាដាច់ខាត ។ នេះជាសញ្ញាមួយដែលចិន ប្រាប់ទៅភាគីអាមេរិកក៏ដូចជាសហគមន៍អន្តរជាតិថា បញ្ហាតៃវ៉ាន់ជាបញ្ហាផ្ទៃក្នុងរបស់ចិន ហើយក៏ជាបន្ទាត់ក្រហមរបស់ចិនដែរ មិនអនុញ្ញាតឱ្យមានការរំលោភបំពានដាច់ខាត ។ ចំណែកលោក បៃដិន ក៏បានគូសរំលេចម្តងទៀតថា អាមេរិកប្រកាន់ខ្ជាប់គោលនយោបាយ ចិនតែមួយ និងមិនគាំទ្រឱ្យតៃវ៉ាន់ ឯករាជ្យនោះទេ ។
បច្ចុប្បន្ន មិនមែនគ្រប់ទីកន្លែងនៅលើពិភពលោក សុទ្ធតែមានសន្តិភាពនោះទេ សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ការវាយប្រហាររបស់អាមេរិកទៅលើស៊ីរីជាដើម សុទ្ធតែបានបង្កឱ្យមានជនស៊ីវិល ស្លាប់បាត់បង់ជីវិតយ៉ាងច្រើន និងកើតមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ។ ដូច្នេះ បញ្ហានៅចំពោះមុខ របស់មហាប្រទេសទាំងពីរចិននិងអាមេរិក គឺថាតើគួរជ្រើសយកផ្លូវណាមួយ ដើម្បីដើរទៅមុខ ? តើត្រូវធ្វើកិច្ចសហប្រតិបត្តិការ ដែលនាំមកនូវការអភិវឌ្ឍ សន្តិភាពនិងស្ថិរភាពជូនពិភពលោក ឬប្រឈមមុខដាក់គ្នាដែលបង្ក ឱ្យពិភពលោកាន់តែរង្គោះរង្គើរហូតដល់បាក់បែកខ្ទេចខ្ទាំ ? នោះជាសំណួរដែលលោក ស៊ី ជីនភីង បានដាក់ជូនទៅលោក បៃដិន ហើយក៏ជាសញ្ញាប្រាប់ ទៅសហគមន៍អន្តរជាតិផងដែរថា មានតែការអង្គុយនៅមុខ តុចរចាទេ ទើបយើងអាចដោះស្រាយបញ្ហា និងការខ្វែងគំនិតដោយសន្តិវិធី ដើម្បីចៀសវាងការប៉ះទង្គិចដែលនាំឱ្យខាតបង់ ផលប្រយោជន៍ទាំងសងខាង ។
សញ្ញាវិជ្ជមានមួយ ដែលបានបញ្ចេញក្នុងកិច្ចជំនួបនេះ គឺប្រមុខរដ្ឋ នៃប្រទេសទាំងពីរចិន និងអាមេរិក បានឯកភាពគ្នា រៀបចំឡើងវិញ នូវការប្រាស្រ័យ ទាក់ទងជាន់ខ្ពស់ រវាងយោធា នៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចជំនួបការងារ នៃក្រសួងការពារជាតិចិន-អាមេរិក និងកិច្ចប្រជុំ នៃយន្តការពិគ្រោះពិភាក្សា ស្តីពីសន្តិសុខយោធា តាមសមុទ្រចិន-អាមេរិកដោយឈរលើមូលដ្ឋាន នៃសមភាពនិងការគោរពគ្នា ព្រមទាំងធ្វើកិច្ចសន្ទនា តាមទូរស័ព្ទរវាងថ្នាក់ដឹកនាំ នៃយុទ្ធភូមិភាគកងទ័ពទាំង ពីរចិន-អាមេរិក ដែលនេះជាការដំណើរការឡើងវិញ នូវទំនាក់ទំនងយោធា នៃប្រទេសទាំងពីរបន្ទាប់ពីអាក់ខានអស់មួយរយៈ ។
សញ្ញាមួយទៀត គឺគូសរំលេចពីទំនួលខុសត្រូវនៃមហាប្រទេស ។ តើអ្វីជាទំនួលខុសត្រូវ នៃមហាប្រទេស ? ទំនួលខុសត្រូវនៃមហាប្រទេស គឺការស្វែងរកសុខសន្តិភាព និងវិបុលភាពជូនពិភពលោក គឺការចាត់ទុកជោគវាសនារួម របស់មនុស្សជាតិ ជាបេសសកកម្មរបស់ខ្លួន ប៉ុន្តែមិនមែន ដើម្បីទាញយកតែផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ ។ បញ្ហាប្រឈមសកលត្រូវមាន ដំណោះស្រាយ តាមរយៈកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសនានា គ្មានប្រទេសណា ដែលអាចយករួចខ្លួន ពីការវាយប្រហារ នៃវិបត្តិសកលនោះឡើយ ហើយក៏គ្មានប្រទេសណា ដែលអាចដោះស្រាយបញ្ហាសកល ដោយឯកឯងបានដែរ ពោលគឺកិច្ចសហប្រតិបត្តិការ ត្រូវធ្វើឡើងដើម្បីស្វែងរកផលប្រយោជន៍ឈ្នះ-ឈ្នះ តែមិនមែនផលបូកសូន្យ ( ចង់បានតែប្រយោជន៍តែម្ខាង ) នោះទេ ។
ជាការពិតណាស់ មានការប្រកួតប្រជែងទើបមានភាពរីកចម្រើន តែការប្រកួតប្រជែង គួរធ្វើឡើងតាមបែបវិជ្ជមាន ដែលនាំមកនូវផលប្រយោជន៍ទូទៅ មិនមែនដើម្បីអំណាចផ្តាច់មុខ ឬអនុត្តរភាពនោះទេ ។ ប្រសិនបើប្រទេសមហាអំណាច គិតតែពីការប្រជែងយកចាញ់-ឈ្នះ នោះនឹងនាំមកនូវ លទ្ធផលអវិជ្ជមានជាច្រើន តែបើធ្វើការជាមួយគ្នា ដោយស្មោះត្រង់និងស្មើភាព នោះនឹងអាចរួមគ្នាឆ្លើយតបនឹងវិបត្តិផ្សេងៗ ហើយឆ្ពោះទៅរកការអភិវឌ្ឍ និងវិបុលភាពរួម ៕ អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន