សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ថា (KCNA) បានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងជើង បានបង្កើតម៉ាស៊ីនឥន្ធនៈរឹងប្រភេទថ្មី សម្រាប់ផលិតមីស៊ីលផ្លោងដែល បាញ់បានក្នុងរយៈចម្ងាយមធ្យម ។
យោងតាមរបាយការណ៍បានដាក់ថា ឧស្សាហកម្មមីស៊ីលរបស់ប្រទេសនេះ បានធ្វើការសាកល្បងដោយជោគជ័យ លើការបាញ់បង្ហោះលើដីជាលើកដំបូង របស់ម៉ាស៊ីនដំណាក់កាលទី១ និងម៉ាស៊ីនដំណាក់កាលទី២នៅថ្ងៃទី១១ និងទី១៤ ខែវិច្ឆិកា កន្លងទៅនេះ ។
នៅក្នុងរបាយការណ៍បានដាក់ថា ការធ្វើតេស្តនាពេលថ្មីៗនេះ គឺសំដៅលើវាយការតម្លៃលក្ខណៈបច្ចេកទេស នៃម៉ាស៊ីនដែលទើបនឹងបង្កើតថ្មី សម្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម ។
ទីភ្នាក់ងារ KCNA បានរាយការណ៍មកថា ការធ្វើតេស្តនេះគឺជា “ដំណើរការដ៏សំខាន់មួយ សម្រាប់ការពង្រឹងបន្ថែមទៀតនូវ សមត្ថភាពវាយលុកជាយុទ្ធសាស្ត្រ របស់កងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើង នៅក្នុងពន្លឺនៃបរិយាកាសសន្តិសុខ និងអស្ថិរភាពដែលកំពុងប្រឈមមុខនឹងប្រទេស និងស្ថានភាពយោធានាពេលអនាគតនៅក្នុងតំបន់” ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា