បរទេស៖ ទីក្រុងព្យុងយ៉ាងបានព្រមាន អំពីការឆ្លើយតបផ្នែកយោធា “ដ៏ខ្លាំងក្លាទៅវិញ” បន្ទាប់ពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានបង្ហាញ “យុទ្ធសាស្ត្ររារាំង” ថ្មីមួយសំដៅលើកូរ៉េខាងជើង ដោយកូរ៉េខាងជើងអះអាងថា សហរដ្ឋអាមេរិកបានបង្កើន “ការគំរាមកំហែងនុយក្លេអ៊ែរ” នៅលើឧបទ្វីបកូរ៉េ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងការអត្ថាធិប្បាយដែលធ្វើឡើង ដោយទីភ្នាក់ងារព័ត៌មានរដ្ឋកណ្តាលកូរ៉េ (KCNA) កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យយោធារបស់ទីក្រុងព្យុងយ៉ាង បានឆ្លើយតបទៅនឹងកិច្ចចរចាកម្រិតខ្ពស់ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលកាលពីដើមសប្តាហ៍នេះ។
សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើង ដោយសំដៅទៅលើកិច្ចប្រជុំនៅក្នុងរដ្ឋធានីកូរ៉េខាងត្បូង បាននិយាយថា “សកម្មភាពរបស់មន្ត្រីយោធាអាមេរិកនៅក្នុងតំបន់អាយ៉ង… បង្ហាញយ៉ាងច្បាស់ថា ពិរុទ្ធជនចម្បងដែលបណ្តាលឱ្យមានការកើនឡើង នៃស្ថានការណ៍នៅលើឧបទ្វីបកូរ៉េ គឺគ្មាននរណាក្រៅពីសហរដ្ឋអាមេរិក និងអ្នកដើរតាមរបស់ខ្លួននោះទេ”។
អ្នកនាំពាក្យរូបនេះបានបន្តទៀតថា កូរ៉េខាងជើងនឹងអភិវឌ្ឍ “សមត្ថភាពឆ្លើយតបវាយប្រហារកាន់តែខ្លាំងក្លា និងខ្លាំងក្លា” និងបន្ត “សកម្មភាពយោធារារាំងជាយុទ្ធសាស្ត្រ ដែលអាចមើលឃើញ” ។
កិច្ចពិភាក្សាផ្នែកសន្តិសុខរួមពាក់ព័ន្ធ នឹងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងមន្ត្រីយោធាកំពូលកូរ៉េខាងត្បូង ដែលបានសន្យាថា នឹងបង្កើនកងកម្លាំងនុយក្លេអ៊ែរ និងកងកម្លាំងធម្មតា ជាផ្នែកមួយនៃ “យុទ្ធសាស្រ្តទប់ស្កាត់តាមតម្រូវការ” ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ៕
ប្រែសម្រួលៈ ណៃ តុលា