ប៉េកាំង៖ លទ្ធផលគំរូថ្មីៗ ដែលចេញផ្សាយដោយគណៈកម្មការអឺរ៉ុប សម្រាប់ការស៊ើបអង្កេតប្រឆាំងការឧបត្ថម្ភធនជាបន្តទៅលើរថយន្តអគ្គិសនីរបស់ចិន គឺមិនយុត្តិធម៌ទេ ហើយគេសង្ស័យថា បានបំពានច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងច្បាប់របស់សហភាពអឺរ៉ុប នេះបើតាមក្រសួងពាណិជ្ជកម្មចិន។
អ្នកនាំពាក្យលោក He Yadong បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ការអនុវត្តគំរូ គឺជាការរើសអើងប្រឆាំងនឹងសហគ្រាសរថយន្តអគ្គិសនីរបស់ចិន ហើយនឹងធ្វើឱ្យខូចទ្រង់ទ្រាយលទ្ធផលស៊ើបអង្កេតយ៉ាងធ្ងន់ធ្ងរ។
នៅក្នុងគំរូនេះ គណៈកម្មការបានជ្រើសរើសតែសហគ្រាសចិន ក្នុងស្រុកចំនួន ៣ប៉ុណ្ណោះ ជាគំរូនៅក្នុងការស៊ើបអង្កេត។ លោកបានកត់សម្គាល់ថា វាមិនរាប់បញ្ចូលសហគ្រាសមកពីរដ្ឋសមាជិកសហភាពអឺរ៉ុប ដែលនាំមុខក្នុងលក្ខខណ្ឌផលិតកម្ម និងការលក់ ដែលខុសពីធម្មតា ហើយលទ្ធផលគំរូមិនអាចឆ្លុះបញ្ចាំងពីស្ថានភាពឧស្សាហកម្ម ដែលមានគោលបំណងនៅក្នុងទីផ្សារសហភាពអឺរ៉ុបនោះទេ។
លោកបានបន្តថា ស្តង់ដារគំរូរបស់គណៈកម្មការមិនគោរពតាមច្បាប់ពាក់ព័ន្ធ ដំណើរការយកគំរូមិនមានតម្លាភាព ហើយលទ្ធផលសំណាកគឺមិនយុត្តិធម៌ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
គណៈកម្មាការបានផ្តួចផ្តើមការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនដោយខ្លួនឯង ចំពេលមានការប្រឆាំងយ៉ាងច្បាស់ពីឧស្សាហកម្មរថយន្តរបស់សហភាពអឺរ៉ុប ហើយបានអះអាងមិនពិតថា រថយន្តអគ្គិសនីរបស់ចិន បានធ្វើឱ្យខូចខាត និងការគំរាមកំហែងដល់ឧស្សាហកម្មរថយន្តអគ្គិសនីរបស់សហភាពអឺរ៉ុប ដោយមិនបានអើពើទាំងស្រុង ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងឧស្សាហកម្មរថយន្តរបស់ភាគីទាំងពីរ។
លោកបានលើកឡើងថា ឧស្សាហកម្មរថយន្តរបស់ចិន មានការខកចិត្តយ៉ាងខ្លាំង និងមិនពេញចិត្ត ចំពោះការអនុវត្តរបស់គណៈកម្មាការក្នុងការកំណត់លទ្ធផលការស៊ើបអង្កេតជាមុន និងការធ្វើឱ្យមានគំរូឡើងវិញ។
លោកបានបន្ដថា ប្រទេសចិនជំរុញឱ្យអឺរ៉ុប គោរពយ៉ាងតឹងរឹងនូវច្បាប់របស់ WTO និងច្បាប់របស់អឺរ៉ុប កែតម្រូវការអនុវត្តខុសឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ធានាថាការស៊ើបអង្កេតបើកចំហ យុត្តិធម៌ និងអនុលោមតាម ហើយការពារយ៉ាងពេញលេញនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសពាក់ព័ន្ធ៕ ប្រែសម្រួល ឈូក បូរ៉ា