បរទេស៖ ប្រមុខកងកម្លាំងពិសេស Quds របស់អ៊ីរ៉ង់បានប្តេជ្ញាថា នឹងធ្វើ “អ្វីគ្រប់យ៉ាងដែលត្រូវការ” ដើម្បីគាំទ្រក្រុមហាម៉ាសនៅក្នុងសង្គ្រាម របស់ក្រុមនេះជាមួយអ៊ីស្រាអែលដោយអះអាងថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនកំពុងឆ្ពោះទៅរក “ជ័យជំនះដ៏សម្បើម” នៅក្នុងតំបន់ហ្គាហ្សា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងលិខិតមួយផ្ញើទៅកាន់មេបញ្ជាការ នៃក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស កងពលតូច Ezzedine al-Qassam មេដឹកនាំកងកម្លាំង Quds Force លោក Esmail Qaani បានប្រកាសថា ទីក្រុងតេហេរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន “នឹងមិនអនុញ្ញាតឱ្យសត្រូវដ៏សាហាវឃោរឃៅនេះ និងអ្នកដែលឈរនៅពីក្រោយ ដណ្តើមយកតំបន់ហ្គាហ្សា និងប្រជាជនវីរភាពរបស់ខ្លួនឡើយ។ ”
លោក Qaani បាននិយាយថា “យើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលត្រូវការ នៅក្នុងសមរភូមិប្រវត្តិសាស្ត្រនេះ” ។ លោកថា “ក្រុមហាម៉ាសបានបង្ហាញឱ្យឃើញដល់មនុស្សគ្រប់គ្នាថា ការតស៊ូនៅហ្គាហ្សាមានសមត្ថភាពផ្តួចផ្តើម និងការច្នៃប្រឌិត ខណៈពេលដែលរក្សាបាន នូវសមត្ថភាពរបស់អង្គការ និងសមត្ថភាពនៅតំបន់សមរភូមិ” ។
ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយទីភ្នាក់ងារព័ត៌មានសាធារណៈរដ្ឋអ៊ីស្លាម (IRNA) លិខិតនេះកើតឡើងមួយថ្ងៃបន្ទាប់ពីសារព័ត៌មាន Reuters បានរាយការណ៍ថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei បានជូនដំណឹងដល់ក្រុមហាម៉ាស់ថា ប្រទេសអ៊ីរ៉ង់នឹងមិនចូលរួមដោយផ្ទាល់ នៅក្នុងសង្គ្រាមហ្គាហ្សានោះទេ។ ផ្ទុយទៅវិញ លោក Khamenei ត្រូវបានគេរាយការណ៍ថា បានរំលឹកឡើងវិញនូវ “ការគាំទ្រផ្នែកនយោបាយ និងសីលធម៌” ដ៏យូរអង្វែងរបស់អ៊ីរ៉ង់សម្រាប់ក្រុមហាម៉ាស់ ប៉ុន្តែបានច្រានចោលការអន្តរាគមន៍យោធា ៕
ប្រែសម្រួលៈ ណៃ តុលា