សាន់ហ្វ្រាន់ស៊ីស្កូ៖ កិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ចនៃ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី៣០ បានចាប់ផ្ដើមនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ក្នុងគោលបំណង ដើម្បីកសាងតំបន់ APEC ដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក ប្រកបដោយភាពច្នៃប្រឌិត និងរួមបញ្ចូលគ្នា។
កិច្ចប្រជុំនេះធ្វើឡើងនៅមជ្ឈមណ្ឌល Moscone នៅកណ្តាលទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដឹកនាំដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ
លោក បៃដិន បានឲ្យដឹងនៅក្នុងសុន្ទរកថាបើករបស់គាត់ថា “ពិភពលោករបស់យើងឈរនៅចំនុចបញ្ឆិតបញ្ឆៀង ការសម្រេចចិត្ត ដែលយើងធ្វើនៅពេលនេះ ដើម្បីកំណត់ដំណើររបស់ពិភពលោក មិនមែនតែប្រទេសមួយចំនួនរបស់យើងនោះទេ ប៉ុន្ដែសម្រាប់ផលវិបាកជាច្រើន នៅទសវត្សរ៍ខាងមុខ”។
លោកបានថ្លែងថា “សេដ្ឋកិច្ចនីមួយៗបានឃើញសញ្ញានៃ អ្វីដែលនឹងកើតឡើងប្រសិនបើ យើងមិនធ្វើសកម្មភាពនោះទេ”។ លោកបានកត់សម្គាល់ថា “យើងទទួលខុសត្រូវ ចំពោះចំណែកដ៏ធំបំផុតនៃ ការបំភាយឧស្ម័នពិភពលោក ដូច្នេះយើងក៏ត្រូវតែទទួលខុសត្រូវ ចំពោះដំណោះស្រាយផងដែរ ខណៈពេលដែលយើងនៅតែមាន ពេលវេលាដើម្បីផ្លាស់ប្តូរផ្លូវ” ។
លោកបានបន្ដថា សន្តិសុខអាកាសធាតុ សន្តិសុខថាមពល និងសន្តិសុខស្បៀងគឺពាក់ព័ន្ធទាំងអស់។ លោក បន្ថែមថា មានតែតាមរយៈការធ្វើការរួមគ្នាប៉ុណ្ណោះ ទើបប្រទេសនានាអាចរីកចម្រើនពិតប្រាកដ និងសម្រេចបាននូវគោលដៅ នៃការកំណត់ការឡើងកំដៅផែនដីដល់ ១,៥អង្សាសេ។
លោក បៃដិន បានលើកឡើងថានៅឆ្នាំនេះ ពិភពលោកកំពុងស្ថិតនៅលើផ្លូវ ដើម្បីជួបនឹងការសន្យាហិរញ្ញវត្ថុអាកាសធាតុ “ដែលយើងបានធ្វើនៅក្រោម កិច្ចព្រមព្រៀងទីក្រុងប៉ារីសចំនួន ១០០ ពាន់លានដុល្លារជាសមូហភាព” ។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រទេសដែលមានទ្រព្យសម្បត្តិ ច្រើនជាងគេលើពិភពលោក បានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការកៀងគរហិរញ្ញប្បទាន អាកាសធាតុយ៉ាងហោចណាស់ ១០០ ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ឱ្យសម្របខ្លួន ទៅនឹងការប្រែប្រួលអាកាសធាតុ វិនិយោគលើថាមពលកកើតឡើងវិញ និងសម្រេចបាននូវការអភិវឌ្ឍកាបូនទាប ៕
ប្រែសម្រួល ឈូក បូរ៉ា