ការ៉ាកាស៖ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil បានឲ្យដឹងថា ប្រទេសវេណេស៊ុយអេឡា និងរុស្ស៊ី កំពុងឆ្ពោះទៅមុខក្នុងដំណើរការដកប្រាក់ដុល្លាររបស់ពួកគេ ដើម្បីការពារ និងជំរុញទំនាក់ទំនងហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ពួកគេ។
លោក Gil បានបើកកិច្ចប្រជុំនៅទីក្រុងមូស្គូ ជាមួយសមភាគីរុស្ស៊ីលោក Sergei Lavrov ជាកន្លែងដែលពួកគេបានយល់ព្រម “ពង្រឹង” ទំនាក់ទំនងហិរញ្ញវត្ថុរវាងធនាគារកណ្តាលនៃប្រទេសទាំងពីរ។
មន្ត្រីរូបនេះបានកត់សម្គាល់ថា ប្រព័ន្ធទូទាត់ប្រាក់របស់រុស្ស៊ី Mir មានដំណើរការ ១០០ភាគរយនៅទូទាំងប្រទេសវេណេស៊ុយអេឡា។ លោក Gil ក៏បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយផ្លូវការ Agencia Venezolana de Noticias ថា “វេណេស៊ុយអេឡា មានឆន្ទៈក្នុងការចូលរួមជាមួយក្រុម BRICS ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។
សម្រាប់ផ្នែករបស់លោកវិញ លោក Lavrov បានឲ្យដឹងថា រុស្ស៊ីនឹងគាំទ្រ “បំណងប្រាថ្នារបស់មិត្តរបស់យើង ក្នុងការសហការនិងចូលរួមយ៉ាងសកម្មនៅក្នុងសមាគមនេះ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Gil បានបន្ដថា លោកខាងលិច ព្យាយាមធ្វើឱ្យខូចអធិបតេយ្យភាពរបស់រុស្ស៊ី និងវេណេហ្ស៊ុយអេឡា ប៉ុន្តែវានឹងមិនជោគជ័យនោះទេ ចាប់តាំងពីទីក្រុងម៉ូស្គូ និងការ៉ាកាស “នឹងការពារទំនាក់ទំនងទ្វេភាគីរបស់ពួកគេពីគ្រប់ប្រភេទនៃវិធានការរឹតបន្តឹងឯកតោភាគី”។
លោកបានបន្ថែមថា វេណេស៊ុយអេឡា និងរុស្ស៊ី បានឈានដល់ “កិច្ចព្រមព្រៀងសំខាន់ៗ” ដើម្បីទប់ទល់នឹងគោលនយោបាយដាក់ទណ្ឌកម្មរបស់លោកខាងលិច នេះបើយោងតាម Agencia Venezolana de Noticias ៕ ប្រែសម្រួល ឈូក បូរ៉ា