ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ ក្រុមគ្រូពេទ្យប៉ាឡេស្ទីន បាននិយាយថា ពួកគេមានការភ័យខ្លាចកាន់តែខ្លាំងឡើងៗដល់អាយុជីវិតអ្នកជំងឺរាប់រយនាក់ និងបុគ្គលិកពេទ្យនៅមន្ទីរពេទ្យដ៏ធំបំផុតនៅតំបន់ហ្គាហ្សា ដោយសារតែការកាត់ផ្តាច់ចេញពីទំនាក់ទំនងទាំងអស់ទៅកាន់ពិភពខាងក្រៅអស់រយៈពេលជាង១ថ្ងៃបន្ទាប់ពីកងកម្លាំងអ៊ីស្រាអ៊ែលបានចូលមកដល់ ។
អ៊ីស្រាអ៊ែលបានឲ្យដឹងថា កងកុម្មង់ដូរបស់ខ្លួននៅតែកំពុងស្វែងរកតាមមន្ទីរពេទ្យ Al Shifa នៅថ្ងៃព្រហស្បតិ៍ ដែលការងារនេះបានធ្វើឡើងលើសពីមួយថ្ងៃបន្ទាប់ពីពួកគេបានចូលមកដល់មូលដ្ឋានរបស់ខ្លួន ដែលជាផ្នែកមួយនៃការវាយលុករបស់អ៊ីស្រាអ៊ែល ដោយបានឲ្យដឹងថា មានគោលបំណងដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅក្នុងក្របខណ្ឌប៉ាឡេស្ទីន ។
ប្រទេសអ៊ីស្រាអ៊ែល ជឿជាក់ថា ទីបញ្ជាការបញ្ជាការដ្ឋានស្ថិតក្រោមដីដ៏ធំរបស់ក្រុមហាម៉ាស់កំពុងប្រតិបត្តិការនៅក្នុងផ្លូវរូងក្រោមដីនៅខាងក្រោមមន្ទីរពេទ្យនោះ ហើយកាលពីយប់ថ្ងៃព្រហស្បតិ៍ យោធាបានឲ្យដឹងថា កងទ័ពបានរកឃើញកំណាត់ផ្លូវរូងក្រោមដី និងរថយន្តដែលមានអាវុធនៅខាងក្នុងអគារមន្ទីរពេទ្យនោះ ។
យោធាបានបញ្ជាក់ថា “នៅក្នុងមន្ទីរពេទ្យ Shifa កងទ័ព IDF បានរកឃើញកំណាត់ផ្លូវរូងក្រោមដីប្រតិបត្តិការមួយ និងរថយន្តដែលមានអាវុធមួយចំនួនធំ” ដោយប្រើប្រាស់អក្សរកាត់សម្រាប់កងកម្លាំងការពារអ៊ីស្រាអ៊ែល ។
យោធាបានបញ្ចេញខ្សែវីដេអូ និងរូបថតដែលខ្លួនបាននិយាយថា បង្ហាញផ្លូវរូងក្រោមដី និងអាវុធទាំងនោះ ។
យោធាក៏បានបញ្ជាក់ថា សាកសពស្ត្រីជនជាតិអ៊ីស្រាអ៊ែលម្នាក់ ក្នុងចំណោមចំណាប់ខ្មាំងប្រហែល២៤០នាក់ ដែលខ្មាន់កាំភ្លើងក្រុមហាម៉ាស់ បានចាប់ខ្លួននៅគ្រាដែលពួកគេវាយលុកចូលទៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃទី៧ ខែតុលា ត្រូវបានរកឃើញដោយទាហាននៅក្នុងអគារក្បែរមន្ទីរពេទ្យនោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា